(ភ្នំពេញ)៖ លោក ប៊ុនញ៉ាំង វរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ។

តាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជីត នឹងចូលគាល់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង។

បន្ទាប់ពីនោះ លោកនឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក ប៊ុនញ៉ាំង វរជីត នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យនិងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។

ក្រសួងការបរទេសបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប៊ុនញ៉ាំង វរជីត គឺជាព្រឹត្តិការណ៍ដ៍មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជន ដែលជាអ្នកជិតខាងល្អទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

នេះជាទស្សនកិច្ចផ្លូវរដ្ឋលើកទី២ហើយលោក ប៊ុនញ៉ាំង វរជីត ក្នុងតំណែងជាប្រធានាធិបតីឡាវ មកកាន់ប្រទេសកម្ពុជា ដែលលោកក៏ធ្លាប់បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋម្តងផងដែរ កាលពីខែកុម្ភៈ ឆ្នាំ២០១៧៕