(កំពង់ឆ្នាំង)៖ បច្ចុប្បន្ននៅលើទឹកដីខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋាន និងតំបន់ទេសចរណ៍ជាច្រើនកន្លែង សម្រាប់ភ្ញៀវជាតិ-អន្តរជាតិទស្សនាកម្សាន្ត ដែលក្នុងមួយឆ្នាំៗទទួលបានភ្ញៀវទេសចររាប់ម៉ឺននាក់ ក្នុងនោះទឹកធ្លាក់ធម្មជាតិស្រែអំពិល ក៏បាននិងកំពុងក្លាយខ្លួនជាមេដែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីឱ្យទៅទស្សនាខេត្តកំពង់ឆ្នាំងផងដែរ។

ទឹកធ្លាក់ធម្មជាតិនេះ មានទីតាំងស្ថិតនៅភូមិស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយត្រឹមតែជាង ៥០គីឡូម៉ែត្រ ប៉ុណ្ណោះពីទីរួមខេត្តកំពង់ឆ្នាំង។ លាតសន្ធឹងតាមជើងភ្នំតូចធំ និងមានដងស្ទឹងរាប់គីឡូម៉ែត្រហូរនាំទឹកថ្លាខៀវស្រងាត់ ពិសេសមានធម្មជាតិព្រៃភ្នំគួរជាទីគយគន់។

បច្ចុប្បន្នតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិទាំងក្នុងស្រុក និងក្រៅស្រុក ហើយក៏មានភ្ញៀវបរទេសចូលទៅទស្សនាកម្សាន្តផងដែរ។

លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈនេះថា តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិលកំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដោយនៅរាល់ថ្ងៃសៅរ៍-អាទិត្យមានភ្ញៀវនៅក្នុងស្រុក និងមកពីក្រៅខេត្តបាននាំក្រុមគ្រួសារមកមុជទឹកលេងកម្សាន្តជាហូរហែរ ពោលពេញមួយខែមករា តំបន់ទេសចរណ៍មួយនេះទទួលបានភ្ញៀវទៅដល់ ៦,៨៤១នាក់។

សហគមន៍ស្រែអំពិលក៏បានរៀបចំផ្សារ ១កន្លែង សម្រាប់ឱ្យប្រជាសហគមន៍លក់ដូរជូនភ្ញៀវទេសចរ និងបានសង់ខ្យុះ ឬរោងសម្រាប់អង្គុយលេងបានយ៉ាងច្រើន រីឯបង្គន់អនាម័យក៏បានសង់រួចរាល់ជាច្រើនបន្ទប់សម្រាប់ជូនភ្ញៀវប្រើប្រាស់។

ជាងនេះទៅទៀត តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិលក៏បានទទួលជ័យលាភីពីក្រសួងទេសចរណ៍ ដោយជាប់ចំណាត់ថ្នាក់ជារមណីយដ្ឋានទេសចរណ៍ស្អាត ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតនៅគ្រប់ ២៥រាជធានី-ខេត្តផងដែរ។

លោក ម៉ឹង វិសាលសុខ មេឃុំក្ដុលសែនជ័យ និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ក៏សុំអំពាវនាវផងដែរដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ត សូមមេត្តាជួយរក្សាបរិស្ថាន និងអនាម័យនៅក្នុងតំបន់ទេសចរណ៍ ដោយត្រូវចោលសំរាមនៅក្នុងធុងសំរាម ហាមដាច់ខាតមិនឱ្យចោលទៅក្នុងទឹកជ្រោះនោះឡើយ។ ប្រសិនបើមានសំណូមពរអ្វីមួយសូមទំនាក់ទំនងជាមួយកងសន្តិសុខរបស់សហគមន៍ ដែលប្រចាំការនៅទីនោះស្រាប់ ដើម្បីជួយសម្រួសដោះស្រាយជូនភ្ញៀវទេសចរឱ្យបានល្អ និងទាន់ពេលវេលា៕