(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនេះ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះចែកអំណោយដល់ជូនប្រជាពលរដ្ឋចំនួន ២៥១គ្រួសារ ដែលជាជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងជនងាយរងមានជីវភាពខ្វះខាត ស្ថិតភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់។

លោក ឡុង គីស៊ឹង អភិបាលស្រុកសណ្តាន់ បានបញ្ជាក់ថា ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា និងជនងាយរងដែលមានជីវភាពខ្វះខាតចំនួន ២៥១គ្រួសារនេះ មានមកពី ៩ឃុំ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រជាពលរដ្ឋមួយចំនួនទទួលរងនូវគ្រោះធម្មជាតិ គ្រោះខ្យល់ព្យុះ រន្ទះបាញ់ គ្រោះទឹកជំនន់ និងបាតុភូតផ្សេងៗ។

លោក សុខ លូ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែនឹករលឹក និងផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋ តាមរយៈប្រធានសាខាកាកបាតក្រហមរាជធានី-ខេត្ត។

លោកបានបន្តថា ជាក់ស្តែងថ្ងៃនេះប្រជាពលរដ្ឋមានជីវភាពខ្វះចំនួន ២៥១គ្រួសារ កាកបាទក្រហមកម្ពុជានៅតែមានលទ្ធភាពជួយដោះស្រាយបន្ទុកដល់ប្រជាពលរដ្ខ។ អំណោយទាំងនេះគឺបានមកពីសប្បុរសជន ដែលបានជួយមកកាកបាទក្រហម សម្រាប់ចែកជូនពលរដ្ឋដែលខ្វះខាត មិនគិតពីពណ៌សម្បុរ សាសនា។

លោក សុខ លូ បានផ្ដាំផ្ញើពលរដ្ឋពិសេសយុវជនទាំងអស់សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចូលរួមថែរក្សាបរិស្ថានគ្រប់ទីកន្លែង ជួយអភិរក្សព្រៃឈើឲ្យគង់វង្ស ពិសេសព្រៃឡង់។

សូមជម្រាបថា ពិធីចែកអំណោយនេះប្រជាពលរដ្ឋទាំង ២៥១គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ-បរិភោគមានអង្ករ ២៥គីឡូក្រាម មី ១កេះ ត្រីខ ១០កំប៉ុង អាវយឺត ២៕