(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនជាតិចិនម្នាក់ ដែលទើបនឹងជាសះស្បើយពីជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ក្រោយពីសម្រាកព្យាបាលនៅខេត្តព្រះសីហនុនោះ នឹងចាកចេញពីមន្ទីរពេទ្យនេះ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ។ វត្តមានជំងឺកូរ៉ូណានៅកម្ពុជាពេលនេះបានបញ្ចប់ហើយ។

ជនជាតិចិនរូបនេះមានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់រយៈពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ព្រមទាំងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបង្ហាញដោយភាពរីករាយ និងអបអរសាទរជាមួយនឹងជោគជ័យនៃសុខាភិបាលកម្ពុជា ក្នុងការព្យាបាលអ្នកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ឱ្យជាសះស្បើយ ខណៈដែលអ្នកជំងឺនេះប្រមាណ២១៥២នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយនៅលើពិភពលោក។

បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនជាតិចិនខាងលើនេះ ក៏នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះផងដែរ បន្ទាប់ពីរូបគេបានជាសះស្បើយចាកចេញពីមន្ទីរពេទ្យ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ក៏បានបញ្ជាក់ដែរថា គិតរហូតដល់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០នេះ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីបន្ថែមទៀតទេ៕