(ភ្នំពេញ)៖ ឆ្លើយតបនឹងដំណឹងថា ក្រសួងអប់រំ យុវជន និងកីឡា អាចនឹងបំបែកចេញពីគ្នា លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា មិនទាន់មានគោលការណ៍ណាមួយ ដើម្បីបំបែកក្រសួងនេះចេញពីគ្នានោះទេ។

ការបញ្ជាក់របស់លោក ផៃ ស៉ីផាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងមួយរយៈនេះមានការលេចឮដំណឹងជាច្រើនថា នឹងមានការបំបែកក្រសួងអប់រំ យុវជន និងកីឡា ពោលគឺបំបែកក្រសួងកីឡាមួយទៀត ដើម្បីសម្រួលដល់ការគ្រប់គ្រង។ បន្ទាប់ពីលេច ចេញដំណឹងមួយនេះ ក៏មានសំណួរទៅកាន់រាជរដ្ឋាភិបាលថា តើរដ្ឋាភិបាលពិតជាមានគម្រោងបំបែកក្រសួងនេះមែនឬយ៉ាងណា?

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចម្លើយរបស់ខ្ញុំយើងអត់ទាន់បានគោលការណ៍ ឬវិធានណាមួយពីសម្តេចតេជោ ហ៊ុន សែន នោះទេ។ លោកជានាយករដ្ឋមន្ត្រី ប៉ុន្តែឥឡួវនេះ អត់ទាន់មានព័ត៌មាននេះទេ»

ថ្លែងដូចគ្នាដែរ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងមិនទាន់បានមានគំនិត ទៅរកការបំបែកខ្លួនជាពីរនោះទេ៕