(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាបរិច្ចាគសរុបចំនួន៨០,០៩៨,១៨៤.៤០ រៀល និង ១,៣៩៤,៨២៩.៧២ ដុល្លារអាមេរិក ពីសប្បុរសជនចំនួន ៧៧៣ រូប ដែលរួមមានសមាជិកកិត្តិយសចំនួន៤រូប, សមាជិកគាំទ្រចំនួន៥៩៦២រូប និងសប្បុរសជនផ្សេងៗចំនួន១៧៦៨ រូប។

ទន្ទឹមពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរជូនមន្ទីរពេទ្យនូវថវិកាចំនួនចំនួន ១,០៨៦,៣៦៨ដុល្លារអាមេរិក ដែលបានមកពីការកាត់ទុកថ្លៃលក់សំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី០៤ ឆ្នាំ២០១៩។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារក នៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី៥,០០០រៀល ក្នុងមួយខែ/៦០,០០០រៀលក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕