(សៀមរាប)៖ បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួត នៃអាជ្ញាធរជាតិអប្សរា រកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ ១ម៉ែត្រ ពីចុងជើងនៃទ្វារបាល ដែលបានរកឃើញកាលពីឆ្នាំ២០១៧។

ក្រុមការងារបានរកឃើញបំណែកនេះនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បន្ទាប់ពីការរកឃើញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីបញ្ជាក់ថា ជាបំណែកជើងរបស់បដិមាទ្វារបាល ក្រុមការងារអភិរក្ស និងជួសជុលវត្ថុសិល្បៈ នៃអាជ្ញាធរជាតិអប្សរា បានធ្វើពុម្ពចម្លងពីបដិមាទ្វារបាលនៅអភិរក្សដ្ឋានអង្គរ មកធៀបនឹងបំណែកជើងនៅប្រាសាទទន្លេស្ងួត។ តាមរយៈការធៀបនេះ ក្រុមការងារបញ្ជាក់ថា បំណែកជើងនេះគឺពិតជាផ្នែកមួយ នៃបដិមាទ្វារបាល។

បច្ចុប្បន្ន ក្រុមការងារអភិរក្ស និងជួសជុលវត្ថុសិល្បៈកំពុងរៀបចំឯកសារបច្ចេកទេស ដើម្បីយកបំណែកជើងបដិមាមកផ្គុំនឹងទ្វារបាល ដែលកំពុងជួសជុលនៅអភិរក្សដ្ឋានអង្គរ៕