(សៀមរាប)៖ ច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើងស្ពានហាលប្រវែងសរុប ៩០ម៉ែត្រ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាសម្រេចការជួសជុលជាស្ថាពរ ដោយប្រើរយៈពេល៨ឆ្នាំ ក្នុងបំណងលើកកម្ពស់សោភ័ណភាពទេសភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ ពង្រឹងច្រាំងកសិន្ធុឱ្យមានរូបរាងដើមឡើងវិញ ព្រមទាំងជួយលើកសម្រស់ស្ពានហាល សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្តឱ្យកាន់តែរឹងមាំ។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មូលហេតុសំខាន់ៗដែលបណ្តាលឱ្យច្រាំងកសិន្ធុខូច រចនាសម្ពន្ធ ដោយសារអាយុកាលនៃសំណង់ សត្វកណ្តៀរពូនលើកាំជណ្ដើរ កង្វះការថែទាំជាប្រចាំ ថ្មគ្រឹះក្រោមពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាងក្រោម ហើយដើមឈើធំៗដែលដុះក្បែរច្រាំង បានចាក់ ឫសជ្រែកទៅក្នុងថ្ម ធ្វើឱ្យថ្មរំកិលពីទីតាំងដើមនៃច្រាំងកសិន្ធុទៀតផង។

លោក សុខនី បញ្ជាក់ទៀតថា ក្នុងរយៈពេល៨ឆ្នាំមកនេះ អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួសជុលច្រាំងកសិន្ធុអង្គរវត្តនៅខាងជើងស្ពានហាលជាដំណាក់កាល ដូចជា ចាប់ពីឆ្នាំ២០១៣-២០១៧ ជួសជុលបានប្រវែង ៤០ម៉ែត្រ។ ឆ្នាំ២០១៩ ជួសជុលបាន ២០ម៉ែត្រ ដែលមាន ១០ម៉ែត្រ ត្រង់ចំណុចប្រព័ន្ធលូ ហើយឆ្នាំ២០២០ គឺជួសជុលបាន ២០ម៉ែត្រ។

ក្នុងការជួសជុល អ្នកជំនាញបានប្រើបច្ចេកទេសបុរាណដោយកាយដីចាស់ ដីស្អុយចេញ ហើយចាក់ជំនួសដោយដីថ្មី រួចបុកបង្ហាប់គ្រឹះក្រោមឱ្យមាំជាមួយថ្មភ្នំ ដីខ្សាច់ ល្បាយដី កម្ទេចថ្មបាយក្រៀម និងកំបោរស ពិសេសបាតគ្រឹះបានតម្រៀបថ្មឆ្លាស់គ្នាទទឹងបណ្តោយ ដើម្បីជួយទប់កម្លាំងសង្កត់ ព្រមទាំងយកដីឥដ្ឋមកការពារជម្រាបទឹកកុំឱ្យចូលបាតក្រោមជាដើម ដើម្បីឱ្យគ្រឹះនៅរឹងមាំយូរអង្វែង។

កន្លងមក ដៃគូអន្តរជាតិជាច្រើន ដូចជា ប្រទេសបារាំង ប្រទេសឥណ្ឌា ប្រទេសអ៉ីតាលី បានមកជួសជុលច្រាំងកសិន្ធុអង្គរវត្ត កាំជណ្តើរ និងផ្លូវចូលខាងមុខប្រាសាទអង្គរវត្ត ថែមទាំងជួយបណ្តុះបណ្តាលអ្នកជំនាញអាជ្ញាធរអប្សរាជាច្រើនរូបដែរ ក្នុងការអភិរក្សសំណង់បុរាណមួយនេះ៕