(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ «វឌ្ឍនភាពនៃការអនុវត្ត យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ សម្រាប់ ឆ្នាំ២០១៩» ដោយបានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។

យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៨ និងបានក្លាយ ជាឯកសារមូលដ្ឋាន ដែលឆ្លុះបញ្ចាំងនូវកម្មវិធីនយោបាយ របស់រាជារដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា និងជាមូលដ្ឋានដ៏រឹងមាំ ក្នុងការរៀបចំឯកសារគោលនយោបាយ, យុទ្ធសាស្រ្ត និងផែនការសកម្មភាពអភិវឌ្ឍតាមវិស័យនានា ដើម្បីឆ្ពោះទៅសម្រេចបាននូវបង្គោលចរ ឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជារំពឹងថា នឹងប្រែក្លាយខ្លួនទៅជាប្រទេសអភិវឌ្ឍន៍ ។

ក្រោមការចង្អុលបង្ហាញរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរៀបចំក្របខ័ណ្ឌតាមដានសមិទ្ធកម្ម ដោយផ្អែកលើទ្រឹស្ដីនៃបរិវត្តកម្ម (Theory of Change), ក្របខ័ណ្ឌរួមនៃយុទ្ធសាស្រ្តចតុកោណ និងបានកំណត់ នូវសូចនាករសមិទ្ធកម្មគន្លឹះ (Key Performance Indictors - KPIs) សម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្ត។

សូចនាករសមិទ្ធកម្មគន្លឹះចែកចេញជា០៣កម្រិត រួមមាន៖ ១.កម្រិតយុទ្ធសាស្រ្ត សំដៅលើគោលដៅ ឬបច្ច័យនៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច (impact), ២. កម្រិតចតុកោណយុទ្ធសាស្ត្រ គឺជាលទ្ធផលចុងក្រោយ (final outcome) និង ៣. កម្រិតមុំ ឬជ្រុងនៃចតុកោណយុទ្ធសាស្ត្រ គឺជាលទ្ធផលបន្ទាប់ (immediate outcome) ។
ក្របខ័ណ្ឌតាមដានសមិទ្ធកម្ម មានសូចនាករគន្លឹះសម្រាប់វាស់វែងមាន១៩៤ ដែលមានទាំងសូចនាករបែបបរិមាណ (quantitative) និងសូចនាករបែបគុណភាព ហើយបានកំណត់នូវបន្ទាត់មូលដ្ឋាន (baseline) និង គោលដៅ (targets) សម្រាប់វាស់ បម្រែបម្រួលវឌ្ឍនភាពតាមឆ្នាំនីមួយៗ ព្រមទាំងមានស្ថាប័នទទួលបន្ទុក ការអនុវត្តជាក់លាក់ ។

ជារួម, ការអនុវត្តយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ សម្រាប់ឆ្នាំ២០១៩ ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពោលគឺភាគច្រើននៃសូចនាករគន្លឹះ ត្រូវបានសម្រេចតាម និងលើសគោលដៅដែលបានកំណត់។

ជាក់ស្តែង, វឌ្ឍនភាពនៃសូចនាករកម្រិតយុទ្ធសាស្រ្តបានង្ហាញថា គោលដៅ «កំណើន» សម្រាប់ឆ្នាំ២០១៩ សម្រចបាន៧.១% តាមការគ្រោងទុក ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើង នៃទំហំវិនិយោគ, អត្រាអតិផរណាដែលស្ថិតក្នុងកម្រិតគ្រប់គ្រងបាន និងល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាដើម។

ជាមួយគ្នានេះ, គោលដៅ «ការងារ» ក៏ស្ថិតក្នុងស្ថានភាពប្រសើរ តាមរយៈការបន្តកើនឡើងនៃចំនួនការងារថ្មី, ចំនួនកម្លាំងពលកម្មជំនាញ, អត្រាចូលរួមរបស់កម្លាំងពលកម្ម និងទំហំមន្ត្រីរាជការស៊ីវិលដែលអាចគ្រប់គ្រងបាន ។

បន្ថែមលើនេះ, គោលដៅ «សមធម៌» ក៏សម្រេចបានលទ្ធផលប្រសើរផងដែរ ពោលគឺការរក្សាបាននូវអត្រា នៃភាពក្រីក្រស្ថិតក្រោមកម្រិត ១០%, វិសមភាពចំណាយ (មេគុណជីនី “Gini coefficient”) ស្ថិតក្នុងកម្រិតទាប និងការកើនឡើងនៃអត្រាចំនួនស្រ្តីក្នុងស្ថាប័នរដ្ឋ ។ ចុងក្រោយ, គោលដៅ «ប្រសិទ្ធភាព» ក៏មានវឌ្ឍនភាពល្អបង្គួរ ផងដែរ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្ត្រចតុកោណ- ដំណាក់កាលទី៤ និងលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ និងផ្តល់កិច្ចសហការ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ត និងការរាយការណ៍ពីវឌ្ឍនភាពយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាល ទី៤បន្តទៀត៕