(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានស្នើដល់ប្រតិបត្តិករផ្នែកទេសចរណ៍ពង្រឹងសេវា ផលិតភាព និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា។

សំណើរបស់លោក សាយ សំអាល់ បានធ្វើឡើងនៅអំឡុងកិច្ចប្រជុំជាមួយក្រុមអាជីវកដែលរកទទួលទានក្នុងវិស័យធុរកិច្ច និងសភាពាណិជ្ជកម្មនៅខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកប្រធានក្រុម ការងារបានលើកឡើងថា៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តកសាងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ខេត្តព្រះសីហនុបន្ថែមទៀត ព្រមទាំងបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តដោយខិតខំជួយផ្សព្វផ្សាយ បង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងបង្ហាញពីទំនុកចិត្តដល់ភ្ញៀវទេសចរទាំងផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច និងផាសុកភាពរបស់ភ្ញៀវទេសចរ។ ដូច្នេះសូមបងប្អូនពង្រឹងសេវាកម្មរបស់ខ្លួនឱ្យបានល្អដោយចូលរួមអនុវត្តស្តង់ដារអាស៊ាន ព្រោះយើងចង់ឱ្យខេត្តព្រះសីហនុជាទិសដៅទេសចរណ៍សម្រាប់ប្រជាជននៃសមាគមប្រជាជាតិអាស៊ានដែលអាចមកលម្ហែរ កាយនៅថ្ងៃចុងសបា្តហ៍របស់ពួកគេ»។

លោកប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជាដោយសារតែខេត្តមាត់សមុទ្រមួយនេះពោរពេញដោយសក្តានុពលការទូត សេដ្ឋកិច្ច ទេសចរណ៍។

«ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុដោយអនុញ្ញាតប្រើប្រាស់កញចប់ថវិកាចំនួន ៣០០ លានដុល្លារដើម្បីស្ថាបនាផ្លូវថ្នល់ចំនួន ៣៤ខ្សែប្រជាង ៩០គីឡូម៉ែត្រ រួមនឹងការកសាងប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ និងការរៀបចំឆ្នេរសមុទ្រឡើងវិញឱ្យមានសោភ័ណភាព»។ លោក សាយ សំអាល់ គូសបញ្ជាក់។

លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា៖ «យើងទាំងអស់គ្នាត្រូវរួម សាមគ្គីគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងបង្កើតផលិតផលថ្មីៗ ហើយវិស័យរដ្ឋនិងឯកជនអាចរួមសហការគ្នាដើម្បីបង្កើតសារសំខាន់ និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗដើម្បីទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្ត»

ក្រុមអាជីវករ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសម្តែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តកទុដាក់ខ្ពស់ចំពោះ ខេត្តព្រះសីហនុ ដោយបានវិនិយោគថវិកាដ៏ច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ដោយសារតែនៅពេលនេះ ការដ្ឋានស្ថាបនាផ្លូវបានដំណើរព្រមៗគ្នាបង្កឱ្យមានការលំបាកក្នុងការធ្វើចរាចរណ៍ និងមានការហុយធូលី លោកប្រធានក្រុមការងារ បានស្នើសុំឱ្យប្រជាពលរដ្ឋមេត្តាយោគយល់។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជានិងក្រុមអាជីវករក៏បានជជែកពិភាក្សាលើបញ្ហាមួយចំនួនដែលខេត្តព្រះ សីហនុបាននិងកំពុងជួបប្រទះក្នុងនោះរួមមានបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាគ្រប់គ្រងសំរាម រួមនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនទៀត។ ជាមួយគ្នានេះ សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ តំណាងឱ្យអ្នកប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក៏បាននាំយកនូវសំណើមួយចំនួនដើម្បីអាជ្ញាធរ ខេត្តនិងរាជរដ្ឋាភិបាលជួយដំណោះស្រាយ។

ចំពោះសំណើដែល បានលើកឡើងត្រូវបានលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលយកមកពិនិត្យ និងជួយដោះស្រាយ។ លោកក៏បានស្នើដល់អាជីវករនិងប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាសូមផ្តល់បញ្ជីបញ្ហាដែលជួបប្រទះដើម្បីងាយស្រួលដោះស្រាយ។

លោក សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយដោះស្រាយក្តីកង្វល់របស់ បងប្អូនឱ្យអស់លទ្ធភាព ព្រោះយើងខ្ញុំជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ»៕