(ភ្នំពេញ)៖ លោក សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្ដេចក្រឡាមហោម ស ខេង និងជាប្រធានសមាគមប្រភពល្អកម្ពុជា បានជំរុញដល់យុវជនខ្មែរ និងខ្មែរឥស្លាមទាំងអស់ លេងកីឡាឲ្យបានច្រើន និងជាប្រចាំ ដើម្បីមានសុខភាពល្អ មានស្មារតីរឹងមាំ ប្រាជ្ញាវាងវៃ ខួរក្បាលឆ្លាត ភ្នែកភ្លឺថ្លា ខិតខំរៀនសូត្រ ចៀសវាងប្រព្រឹត្តិទង្វើអបាយមុខផ្សេងៗ ដើម្បីក្លាយជាធនធានមនុស្សដ៏ខ្លាំងរបស់កម្ពុជា ។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ នៃការប្រកួតបាល់ទាត់ពានរង្វាន់ លោក សុះ មូហាំម៉ាត់ បានលើកឡើងថា សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាមួយនឹងការហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីមានសុខភាពល្អ នឹងក្លាយជាទំពាំងស្នងឬស្សីយ៉ាងរឹងមាំ។

ទន្ទឹមនឹងសារនេះដែរ លោក សុះ មូហាំម៉ាត់ បានបន្តថា លោកតែងតែរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់ជារៀងរាល់ឆ្នាំ នៅតាមបណ្ដាមជ្ឈមណ្ឌលទាំង ៣៣របស់លោក នៅទូទាំងប្រទេស។ ការរៀបចំកម្មវិធីនេះ ក៏ជាការចូលរួមចំណែកលើកកម្ពស់វិស័យកីឡា និងជំរុញឲ្យយុវជនស្រលាញ់សុខភាព ការរួបរួមសាមគ្គី ការស្រលាញ់រាប់អានគ្នា មានសុខភាពល្អ មានស្មារតីរៀនសូត្រ ដើម្បីឲ្យក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសំរាប់កម្ពុជាយើង។

លោក សុះ មូហាំម៉ាត់ សង្កត់ធ្ងន់ថា «អរគុណសន្តិភាព, អរគុណសម្ដេចតេជោ ដែលបានបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការរីកចំរើន ពិសេសវិស័យអប់រំឃើញថា មានការរីកចំរើនខ្លាំងឡើង ខណៈដែលមជ្ឈមណ្ឌលទាំងអស់នៃសមាគមប្រភពល្អកម្ពុជា បានខិតខំបង្កើនកាន់តែខ្លាំងនូវគុណភាពអប់រំឲ្យមានកម្រិតស្តង់ដារ ហើយមានគុណភាពខ្ពស់ថែមទៀតផង»

គួរជម្រាបថា សមាគមប្រភពល្អជាសមាគមខ្មែរឥស្លាមមួយដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ ការកសាងអគារសិក្សា វិហារសាសនា សាលារៀន មន្ទីរពេទ្យ អណ្ដូងទឹក និង សប្បុរសធម៌នានាជាច្រើនទៀតដែលរាប់មិនអស់ ខណៈគម្រោងរបស់សមាគមប្រភពល្អកម្ពុជា នឹងនៅតែបន្តជួយកសាងធនធានមនុស្សឲ្យកាន់តែច្រើន និងជួយសហគមន៍កាន់តែខ្លាំងឡើងៗថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕