(ភ្នំពេញ)៖ ដោយការគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីយ៉ាងមុះមុត លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា និងជាប្រធានសហព័ន្ធវិនិយោគិនកម្ពុជា បានព្យាយាមជួយជ្រោមជ្រែងយុវជនឱ្យចេះធ្វើអាជីវកម្មទីផ្សារបណ្ដាញ ដើម្បីឱ្យពួកគេបានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសខ្នាត និងមធ្យម។

ជាក់ស្ដែងនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឡី សុភាព បានដឹកនាំអាជីវករខ្នាតតូច និងមធ្យម និងក្រុមធុរកិច្ចទីផ្សារបណ្ដាញតាមផ្នែកតាមវិស័យប្រមាណជាង ៣៥,០០០នាក់ ចូលរួមក្នុងសន្និបាតអន្តរជាតិជូលានពិភពលោក (Zhulian Global International Convention) នៅមជ្ឈមណ្ឌល ឌឹ ព្រីមៀរ សែនសុខ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ ជាវេគ្មិន។

នាឱកាសនោះ លោកបណ្ឌិត ឡី សុភាព បានថ្លែងនូវការគាំទ្រនូវការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដោយបានធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនជំនាន់ក្រោយមានឱកាសបានកសាងជីវភាព មានឱកាសសិក្សារៀនសូត្រ ប្រកបការងារ ពិសេសមានឱកាសក្លាយខ្លួនជាអ្នកទីផ្សារបណ្ដាញយ៉ាងវៃឆ្លាត សម្រាប់ជាសរសទ្រូងចូលរួមទ្រទ្រង់ប្រទេសជាតិបន្ត។

លោកបានលើកឡើថា ក្នុងសម័យបច្ចេកវិទ្យាឌីជីថល ឬបដិវត្តឧស្សាហកម្ម ៤.០ នេះ វិស័យទីផ្សារបណ្ដាញក៏បានតួជាដៃគូឯកជនយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ដែលជាឆ្អឹងខ្នងដ៏រឹងមាំ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបានដាស់តឿនដល់អ្នកទីផ្សារបណ្ដាញគ្រប់គ្នា ត្រូវយកចិត្តទុកដាក់លើការសិក្សារៀនសូត្របំប៉នសមត្ថកិច្ចរបស់ខ្លូនជាប្រចាំ ដើម្បីភាពរីកចម្រើនក្នុងអាជីវកម្មរបស់ខ្លួន និងចៀសវាងការចាញ់បោកជនខិលខូចមួយចំនួន និងរួមគ្នាទប់ស្កាត់ការនាំចូល និងចែកចាយផលិតក្លែងក្លាយ អន់គុណភាព ដែលនាំទៅដល់ការប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

លោកបានសម្ដែងការគាំទ្រចំពោះការអនុវត្តការងារ នៅច្រកចេញចូលតែមួយរបស់ក្រសួងមហាផ្ទៃ ព្រមទាំងកិច្ចសហការរបស់ក្រសួងមហាផ្ទៃ ពិសេសគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលទើបចុះហត្ថលេខាលើអនុស្សរណៈជាមួយសមាគមសហព័ន្ធវិនិយោគិនកម្ពុជា (សមាគមអ្នកលក់ឱសថកម្ពុជា) ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផល ឱសថ និងគ្រឿងសម្អាងក្លែងក្លាយ ក៏ដូចជាការនាំចូលផលិតផលគ្មានការអនុញ្ញាត រំលោភកម្មសិទ្ធិបញ្ញា និងរំលោភសិទ្ធិនាំចូលផ្ដាច់មុខនៅកម្ពុជា។

ជាមួយគ្នានោះ លោកបានអំពាវនាវបន្ថែមទៀតដល់អ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញដទៃ ដែលមិនទាន់បានទទួលការបណ្ដុះបណ្ដាលផ្នែកច្បាប់ និងការប្រកបអាជីវកម្មនានានោះ សូមមកទទួលការបណ្ដុះបណ្ដាលឱ្យបានគ្រប់គ្នាជាមួយសមាគមធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ខណៈគោលការណ៍មានការជំរុញលើកទឹកចិត្តយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលមានផ្ដល់អាទិភាពលើធនធានមនុស្សមុនគេ បន្ទាប់មកមានអគ្គិសនី ទឹក និងផ្លូវ។

លោកបានគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានមុខរបរអាជីវកម្មឱ្យបានគ្រប់គ្នា ទោះបីខ្នាតតូច ឬមធ្យមក៏ដោយ ដើម្បីស្របតាមការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស និងគោលនយោបាយលើកទឹកចិត្តឱ្យមានការបើកអាជីវកម្មខ្នាតតូច និងមធ្យមរបស់រាជរដ្ឋាភិបាល ស្រតាមទស្សនទាន «មនុស្សម្នាក់ អាជីវកម្មមួយ» និង «អាជីវកម្មមួយ ស្ដង់ដាមួយ»។

ប៉ុន្តែគ្រប់ម្ចាស់ក្រុមហ៊ុនអាជីវកម្មគ្រប់ផ្នែកគ្រប់វិស័យ ទាំងខ្នាតតូច និងមធ្យម ក៏ត្រូវមានជំនាញវិជ្ជាជីវៈ ចៀសវាងការចាញ់បោកជនខិលខូច ពិសេសគឺត្រូវគោរពច្បាប់នៃប្រទេសកម្ពុជាឱ្យបានត្រឹមត្រូវ មិនត្រូវលួចបន្លំអតិថិជនអ្នកប្រើប្រាស់ឡើយ៕