(វ៉ាស៊ីនតោន)៖ រយៈពេលជិត ៨០ឆ្នាំក្រោយពីសហរដ្ឋអាមេរិកបានអនុញ្ញាត ឲ្យមានការឃុំឃាំង ពលរដ្ឋអាមេរិកដើមកំណើតជប៉ុន កំឡុងសម័យសង្រ្គាមលោកលើកទីពីរ នាពេលនេះរដ្ឋកាលីហ្វរញ៉ារបស់អាមេរិក កំពុងត្រៀមខ្លួនសុំទោសជាផ្លូវការនៅក្នុងសប្តាហ៍នេះ សម្រាប់ការ ចូលរួមចំណែកពាក់ព័ន្ធសកម្មភាពនាពេលនោះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមអ្នកតាក់តែងច្បាប់នៃរដ្ឋកាលីហ្វរញ៉ា នឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លើសេចក្តីសម្រេចមួយដែលក្នុងនោះមានបញ្ជាក់ផ្លូវការថា «រដ្ឋកាលីហ្វរញ៉ាសុំទោស ចំពោះការជម្លៀសជនជាតិជប៉ុនដែលរស់នៅសហរដ្ឋអាមេរិក ទាំងបង្ខិតបង្ខំយកទៅដាក់ក្នុងបន្ទាយឃុំឃាំង កាលពីកំឡុងសង្រ្គាមលោកលើកទីពីរ និងសម្រាប់ភាពបរាជ័យរបស់រដ្ឋកាលីហ្វរញ៉ាក្នុងការគាំទ្រ ក៏ដូចជាការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋអាមេរិក ដែលមានដើមកំណើតជប៉ុន»។

គួរជម្រាបថា ពលរដ្ឋអាមេរិកមានដើមកំណើតជប៉ុនច្រើនជាង ១២០,០០០នាក់ ត្រូវបានអាជ្ញាធរអាមេរិកជម្លៀស យកទៅដាក់ក្នុងបន្ទាយឃុំឃាំងចំនួន ១០ នៅតាមបណ្តារដ្ឋប៉ែកខាងលិចរបស់សហរដ្ឋអាមេរិក កំឡុងសម័យសង្រ្គាមលោកលើកទីពីរ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ហ្វ្រេងឃ្លូន រូសេវែសត៍ (Franklin D Roosevelt) ចេញបញ្ជាប្រតិបត្តិមួយដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៤២ ពីរខែក្រោយការវាយប្រហាររបស់ជប៉ុន លើមូលដ្ឋានភាលហាប៊ឺ (Pearl Harbor) នៃកោះហាវ៉ៃរបស់អាមេរិក។ កាលពីឆ្នាំ១៩៨៨ រដ្ឋាភិបាលអាមេរិកបានសុំទោសជាផ្លូវការសម្រាប់ការឃុំឃាំងនេះ ដែលបានប្រព្រឹត្តទៅរហូតដល់ឆ្នាំ១៩៤៥ ហើយបានផ្តល់ការសងជំងឺចិត្ត ដល់អ្នកដែលបានឆ្លងកាត់បទពិសោធន៍ជូរចត់នេះផងដែរ៕