(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dato Sri Azmin Ali រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ចម៉ាឡេស៊ី ដែលគ្រប់គ្រងក្រុមហ៊ុនរដ្ឋធំៗ ទាំងអស់ រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍ ហាឡាលម៉ាឡេស៊ី (HDC) ផងដែរ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានអញ្ជើញរដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ាឡេស៊ី មកបំពេញទស្សនកិច្ចស្វែងយល់ពីកម្ពុជា នឹងបានស្នើសុំឲ្យមានវត្តមាន នៃបណ្ដាក្រុមហ៊ុនធំៗ មករកស៊ីបណ្តាក់ទុននៅកម្ពុជាថែមទៀត ដែលមានច្រើនវិស័យ ក្នុងនោះមានក្រុមហ៊ុន Petronas រុករកប្រេង, ក្រុមហ៊ុន សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា, ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធអ៉ីនធ័រណេត, ក្រុមហ៊ុនអភិវឌ្ឍន៍លើឧស្សាហកម្មហាឡាល។ នេះបើតាមការបញ្ជាក់របស់ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ផងដែរថា ក្នុងជំនួបនេះ លោកបានជម្រាបជូន រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ាឡរស៊ី ពីសក្កានុពល ការអភិវឌ្ឍន៍ ឱកាសវិនិយោគ កំណើនសេដ្ឋកិច្ច ដោយឥតឈប់ឈរនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប បន្ទាប់ពីបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ គោរពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, រដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ាឡេស៊ី បានសន្យា ជំរុញឲ្យបណ្តាក្រុមហ៊ុនមកធ្វើការសិក្សាពិនិត្យ លើការវិនិយោគ អ្វីដែលក្រុមហ៊ុនម៉ាឡេស៊ីអាចធ្វើបាន។

ជាមួយគ្នានេះ ចំពោះការអភិវឌ្ឍវិស័យហាឡាល លោក នឹងជំរុញឲ្យក្រុមហ៊ុន HDC ចូលរួមជួយសហការការងារ លើវិស័យហាឡាលកម្ពុជា ព្រោះថាការងារនេះ មិនត្រឹមតែជាការផលិត ម្ហូបអាហារ និងសម្ភារប្រើប្រាស់ហាឡាលនោះទេ តែជាការងារជំរុញដល់កំណើនសេដ្ឋកិច្ចជាតិដ៏ធំ ដែលទីផ្សារហាឡាល លើពិភពលោក បច្ចុប្បន្នមានទំហំទឹកប្រាក់ រហូតដល់ទៅជាង៣.៣ទ្រីលានដុល្លារ៕