(កែប)៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប និងក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ធ្វើយុទ្ធនាការសម្អាតអនាម័យ គោលបំណងឲ្យក្រុងកែប កាន់តែមានសោភណ្ឌភាពល្អប្រសើរឡើងថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកម្សាន្តលេងក្នុងខេត្តមួយនេះ កាន់តែច្រើនឡើង។

ក្នុងយុទ្ធនាការខាងលើមានចូលរួមពីសំណាក់ លោក អ៉ិន សៅ អនុប្រធានមន្ទីរបរិស្ថានខេត្ត និងលោក នីកូឡាស់ ចច (Nicolas George) នាយកប្រតិបត្តិក្រុមហ៊ុនជីបម៉ុង អ៉ិនស៉ិ ស៊ីមេន (CMIC) ព្រមទាំងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត និងក្រុងកែប និងសិស្ស និស្សិតជាច្រើននាក់។

តំណាងរបស់លោក នីកូឡាស់ ចច បានលើកឡើងថា ការធ្វើយុទ្ធនាការប្រមូលសំរាមនាពេលនេះ ក៏ជាឱកាសល្អសម្រាប់ឲ្យក្រុង និងខេត្តកែបទាំងមូលបានស្អាត មានអនាម័យល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ- អន្តរជាតិ មកកម្សាន្តលេងកាន់តែច្រើនឡើងថែមទៀត ដែលសាកសមជាខេត្តទេសចរណ៍ សំបូរទៅដោយសក្តានុពុលធម្មជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

ម្យ៉ាងទៀត ការប្រមូលសំរាម សម្អាតអនាម័យទាំងនេះ គឺសំដៅយកសំរាមទាំងអស់នេះ ទៅធ្វើការដុតនៅរោងចក្រស៉ីម៉ង់ត៍ ជីបម៉ុង ដែលជាឱកាសមួយដ៏ល្អដែលកន្លងមកថ្មីៗនេះ ក្រុមហ៊ុនជីបម៉ុង មានរោងចក្រស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត មានឡដុតសំរាមប្រើថាមពលអគ្គីសនី សម្រាប់បម្រើលើវិស័យពាក់ព័ន្ធនឹងការផលិតស៊ីម៉ង់នេះផងដែរ ដែលក្នុងឡដុតសំរាមនោះ មានកំដៅរហូត ដល់ទៅ ១៤០០អង្សាសេ។

លោកថ្លែងថា កម្មវិធីប្រមូលសំរាមនេះ ក៏សំដៅសម្រាប់ឲ្យប្រទេសយើង ក៏ដូចក្នុងក្រុងកែប ខេត្តកែប មានសោភ័ណភាព ដើម្បីកាត់បន្ថយកុំឲ្យមានថង់ប្លាស្ទិក និងសំរាមផ្សេងៗ ដែលរាយប៉ាយ នៅតាមដងផ្លូវ ដងវិថី តាមឆ្នេរមាត់សមុទ្រ និងតាមវាលស្មៅសាធារណៈជាដើម។ នេះក៏ជាឱកាសល្អសម្រាប់ឲ្យខេត្តកែបទាំងមូល បានស្អាត មានអនាម័យល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ- អន្តរជាតិ មកកំសាន្ដលេងកាន់តែច្រើនឡើងថែមទៀត ដែលសាកសមជាខេត្តទេសចរណ៍ សម្បូរទៅដោយសក្តានុពុលធម្មជាតិ។

តំណាងក្រុមហ៊ុន ជីបម៉ុង គ្រុប ក៏បានអរគុណដល់រដ្ឋបាលខេត្តកែប និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្ស និស្សិតទាំងអស់ដែលមានការសហការជាមួយក្រុមហ៊ុនស៉ីម៉ង់ ជីបម៉ុង ដែលធ្វើឲ្យក្នុងយុទ្ធនាការនេះបានសម្រេចលទ្ធផល ជាផ្លែផ្កា នឹងទទួលជោគជ័យ ស្របទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក អ៉ិន សៅ បានអបអរសាទរ និងស្វាគមន៍ចំពោះក្រុមហ៊ុន ជីបម៉ុង គ្រុប មន្ត្រីពាក់ព័ន្ធ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ដែលមកពីសាលា និងគ្រឹះស្ថានអប់រំផ្សេងៗ ដែលមានការចូលរួម បង្កើតនូវយុទ្ធនាការ សម្អាតអនាម័យក្រុងកែបនេះឡើង។

លោកបន្តថា នៅក្នុងខេត្តកែប ជាខេត្តមួយដ៏តូចច្រឡឹង ប៉ុន្តែមើលទៅលក្ខណៈពិសេសនៃខេត្តកែបមួយនេះឃើញថា សម្បូរទៅដោយសក្តានុពល រួមមាន៖

*ទី១ ៖ ឧទ្យានជាតិដែលស្ថិតនៅចំកណ្ដាលទីក្រុងកែប
*ទី២ ៖ មានឆ្នេរដ៏ស្រស់ស្អាត
*ទី៣ ៖ ខេត្តកែបមានបណ្ដាកោះ ចំនួន១៣ ដែលរាយប៉ាយនៅលើផ្ទៃសមុទ្រក្នុងខេត្តកែបនេះ និងសំបូរទៅដោយសក្តានុពុលផ្សេងៗទៀត។

កន្លងមកខេត្តកែប ក៏ធ្លាប់ទទួលបាននូវ ពានរង្វាន់ជាប់ៗគ្នា ដូចជា៖

*ទី១ ៖ ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល ៣ទង ដែលខេត្តកែបទទួលបាន២ឆ្នាំជាប់ៗគ្នា
*ទី២ ៖ ខេត្តកែបធ្លាប់ទទួលបានពានរង្វាន់ និរន្តរភាពបរិស្ថានអាស៊ានផងដែរ ដែលខេត្តកែបទទួលពានរង្វាន់នេះ នៅឯប្រទេសប្រុយណេ។

ក្នុងនោះគេផ្ដោតទៅលើចំណុចសំខាន់ៗចំនួន ៣រួមមាន៖ ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត។ មានន័យថា ខេត្តកែបមួយនេះមិនមានទទួលរងនូវការ ប៉ះពាល់បរិស្ថានដូចជា ផ្សែងចេញពីរោងចក្រ ឬក៏ប៉ះពាល់អ្វីពាក់ព័ន្ធនឹងបរិស្ថានផ្សេងៗទៀតឡើយ គឺខេត្តកែបមានលក្ខណៈបរិសុទ្ធ ពីធម្មជាតិសុទ្ធសាធ។

លោកអនុប្រធានមន្ទីរបរិស្ថានខេត្តកែប ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីបម៉ុងគ្រុប ដែលបានសហការគ្នា ជាច្រើនលើកកន្លងមកហើយ រហូតដល់ពេលនេះ ដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន សម្រាប់ខេត្តកែបមួយនេះ។ លោកក៏សង្ឃឹមថា ទៅថ្ងៃអនាគតក្រុមហ៊ុនស៊ីម៉ង់ត៍ ជីបម៉ុងគ្រុប នឹងបន្តសហការគ្នាជាមួយរដ្ឋបាលខេត្តកែប ជួយជ្រោមជ្រែងពាក់ព័ន្ធលើវិស័យបរិស្ថាននេះបន្តទៀត៕