(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែងជាង ១ពាន់នាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ច ប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំផ្សព្វផ្សាយខាងលើ ប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សស្រុកស្រុក ក្រោមអធិបតី លោក ត្រាំ អ៊ីវតឹក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង។

ថ្លែងទៅកាន់សមាជិកសមាជិកានាឱកាសនេះលោក ត្រាំ អ៊ីវតឹក បានបញ្ជាក់ថា តាមសេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ ក៏បានពិភាក្សា អនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៩ និងទិសដៅភារកិច្ចឆ្នាំ២០២០ ដោយអង្គសន្និបាត បានពិភាក្សា និងក្តាប់ជាប់នូវតួនាទីភារកិច្ចរបៀប របបការងាររបស់ក្រុមការងារគណបក្ស ចុះមូលដ្ឋាន និងអំពីកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបន្តថា ក្នុងស្មារតីនេះ អង្គសន្និបាត បានសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ ពីតម្លៃយ៉ាងធំធេងបំផុត នៃសុខសន្និភាព ហើយប្តេជ្ញាថែរក្សាសន្តិភាព និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងធ្វើឱ្យបរាជ័យឧបាយកលដ៏គ្រោះថ្នាក់របស់ពួក ប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។

ជាមួយគ្នានេះ លោកបានជំរុញដល់សមាជិសមាជិកាគណបក្សស្រុកលំផាតទាំងអស់ ជាពិសេសក្រុមក្មួយៗដែលជា សមាជិកថ្មីត្រូវខិតខំ ពង្រឹងសមត្ថភាព របស់ខ្លួនដើម្បីការងារ ក្នុងគណបក្សប្រជាជន កម្ពុជារបស់យើងឱ្យ កាន់តែមាន សន្ទុះខ្លាំងក្លាបន្ថែមទៀត៕