(កំពង់ឆ្នាំង)៖ លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកប្រកាសបដិសេធចោលទាំងស្រុង ចំពោះគណនី Facebook មួយដោយយករូបលោកទៅប្រើប្រាស់ ដាក់ក្នុង Profile ហើយបង្ហោះសារប្រមាថដល់ថ្នាក់ដឹកនាំ និងប៉ះពាល់ដល់ប្រទេសជាតិ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News អធិការស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងរូបនេះ បានអះអាងថា គណនី Facebook នោះមិនមែនជារបស់លោកឡើយ និងស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្ដាស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលយករូបលោកទៅប្រើប្រាស់ ហើយបង្ហោះសារប្រឌិត។

បើតាមលោក ជាង សុវណ្ណារិទ្ធ បានឱ្យដឹងថា កាលពីវេលាម៉ោង៧៖៤៩ នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណនី Facebook ក្លែងក្លាយនេះ បានបង្ហោះនូវសារ ដោយប្រើពាក្យមិនសមរម្យវាយប្រហារថ្នាក់ដឹកនាំរដ្ឋាភិបាល ក្នុងគោលបំណងបំពុលព័ត៌មាន ធ្វើឲ្យសាធារណៈមតិជាតិមានការយល់ច្រឡំ ក្នុងគោលបំណងទុច្ចរិតមួលបង្កាច់កេរ្តិ៍ឈ្មោះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ជាពិសេសទៅទៀតនោះគឺគេមានចេតនាធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយល់ខុសមកលើរូបលោកជាដើម៕