(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ វិទ្យាស្ថានម្ហូបអាហារកម្ពុជា បានរៀបចំកម្មវិធីបើកសិស្សនិស្សិតចូលទស្សនាពីវិទ្យាស្ថានរបស់ខ្លួនទាំងមូលដោយសេរី និងមានបង្ហាញ ពីបច្ចេកទេសជាច្រើន ដែលទាក់ទងនិងម្ហូបអាហារ ក្នុងគោលបំណងជំរុញឲ្យវិស័យម្ហូបអាហារនៅកម្ពុជាកាន់តែទូលំទូលាយផងដែរ។

ក្នុងកម្មវិធីនេះដែល បានធ្វើឡើងនៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា ដោយមានសិស្សនិស្សិតចូលរួមទស្សនាផ្ទាល់ប្រមាណជាជាង ២០០នាក់ ហើយក្នុងនោះដែលក្រៅពីសិស្សនិស្សិត បានទស្សនាពីបច្ចេកទេសធ្វើម្ហូបហើយនោះ ក៏អាចស្លៀកសំលៀកបំពាក់ចុងភៅថងរូបទុកជាអនុស្សាវរីយ៍ មានការរៀបចំឲ្យសិស្សនិស្សិតចូលរួមលេងល្បែងកម្សាន្ត ដើម្បីឈ្នះរង្វាន់ផងដែរ។

សម្រាប់វិទ្យាស្ថានម្ហូបអាហារកម្ពុជា គឺជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាចម្អិនម្ហូបអាហារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលមានកម្មវិធីសិក្សា ផ្នែកបដិសណ្ឋារកិច្ច អន្តរជាតិដែលស្របតាមបទដ្ឋានអាស៊ាន និងក្រមសីលធម៌ការងារបែបប្រទេសស្វ៊ីស ដោយមានផ្តល់នូវការអប់រំប្រកបដោយលក្ខណៈស្តង់ដាខ្ពស់សម្រាប់អនាគតការងារលំដាប់ថ្នាក់ទី១។

លោកស្រី សេង ស្រីហៀប ជាគ្រូភាសាអង់គ្លេសនៅសាលាACAC បានបញ្ជាក់ឲ្យដឹងថា «ក្នុងវិស័យម្ហូបអាហារកម្ពុជាសព្វថ្ងៃនេះ គឺកំពុងមានការខ្វះខាតច្រើន ដែលត្រូវការអ្នកដែលមានជំនាញ ច្បាស់លាស់ និងមានស្ដង់ដាត្រឹមត្រូវបែបអន្តរជាតិដូចដែលវិទ្យាស្ថានម្ហូបអាហារកម្ពុជាមាន និងបានអនុវត្តលើជំនាញមួយនេះ ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំគឺមានភ្ញៀវទេសចរណ៍ច្រើនចូលមកកម្ពុជា ហេតុនេះហើយទើបទាមទារឲ្យមានចុងភៅជំនាញដើម្បីបម្រើដល់តម្រូវការផ្សេងៗដែលភ្ញៀវចង់បាន និងមួយវិញទៀតអាចបង្ហាញពីអត្តសញ្ញាណជាតិរបស់យើងតាមរយៈម្ហូបអាហារនេះផងដែរ»

លោកស្រីបានបញ្ជាក់ទៀតថា សម្រាប់អត្ថប្រយោជន៍ក្នុងកម្មវិធីក្នុងថ្ងៃនេះដែល គឺសិស្សនិស្សិតបានស្គាល់កាន់តែច្បាស់នូវវិទ្យាស្ថានម្ហូបអាហារកម្ពុជា ជាមួយនិងការធ្វើម្ហូបផ្ទាល់ពីចុងភៅ ដែលមានបទពិសោធន៍ក្នុងវិស័យម្ហូបអាហារនេះច្រើនឆ្នាំ និងមួយវិញទៀតសិស្សនិស្សិតអាចចូលលេង ល្បែង កម្សាន្ត ដើម្បី ឈ្នះ រង្វាន់ ដែលក្នុងនោះមានដូចជា៖ កម្មវិធីប្រកួតសិល្បៈក្នុងការច្នៃម្ហូបអាហារ, កម្មវិធីប្រកួតគំនូរសិល្បៈច្នៃពីគ្រឿងទេស, ទទួលបានឈុតកាំបិតរបស់ក្រុមហ៊ុនប្រទេសស្វីសរស្មើនិងតម្លៃ៨០ដុល្លារសម្រាប់វគ្គសិក្សាថ្មី នាខែមេសា ឆ្នាំ២០២០នេះ, ស្វែងយល់ស៊ីជម្រៅពីឱកាសការងារក្នុងវិស័យធ្វើម្ហូប, ជួបជុំក្រុមប្រធានចុងភៅ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងសិស្សនិស្សិតចុងភៅដែលកំពុងសិក្សាផ្ទាល់នៅវិទ្យាស្ថាន, និងចូលរួមទស្សនាបរិក្ខារចង្ក្រានបាយដ៏ទំនើបស្ដង់ដារអន្តរជាតិផងដែរ។

លោកស្រីបន្តថា ដោយយោងទៅលើចក្ខុវិស័យ និងបេសកកម្ម និងក្នុងនាមជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ ចម្អិនម្ហូបអាហារឈានមុខគេនៅក្នុងប្រទេសកម្ពុជា ប្តេជ្ញាចិត្តក្នុងការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈចម្អិនម្ហូបអាហារឲ្យបានល្អបំផុត ពោលគឺ ទាំងឧត្តមភាព ទម្លាប់ការអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈនិយមដែលឆ្លុះបញ្ចាំងអំពីឧស្សាហកម្មវិជ្ជាជីវ:នៃការចម្អិនម្ហូបអាហារបែបសហសម័យ និងស្របតាមនិន្នាការបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានម្ហូបអាហារកម្ពុជា គឺជាវិទ្យាស្ថានដំបូងគេ ដែលបង្កើតឡើងក្រោមទម្រង់ដៃគូរដ្ឋ និងឯកជន ដែលបានចាប់ដៃគ្នា ដើម្បីឆ្លើយតបទៅនឹងកង្វះខាត និយោជិតដែលមានការអប់រំ និងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងដើម្បីផ្តល់ឱកាសថ្មីៗ សម្រាប់ការអភិវឌ្ឍជំនាញដល់យុវជន និងការកាត់បន្ថយភាពគ្មានការងារធ្វើតាមរយៈ វិទ្យាស្ថាននៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់ផងដែរ៕