(ស្វាយរៀង)៖ លោក ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា មន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការគាំទ្រគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះថា អំពើនេះ គឺជាការគំរាមកំហែងដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណីគ្រួសារ តម្លៃសង្គមនៅកម្ពុជា។

ការថ្លែងជំរុញបែបនេះ នៅក្នុងឱកាសដែលលោកស្រីតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីតាមអង្គភាពដែលពាក់ព័ន្ធសរុបវត្តមានចំនួន ២៤៣នាក់។

លោកស្រីបានបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តពិនិត្យមើលទៅលើយន្តការ នៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ទៅលើប្រព័ន្ធនីតិវីធីនៃការអនុវត្តគោលនយោបាយប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវមានផែនការសកម្មភាព ស្របតាមបរិបទសង្គមនៅតាមមូលដ្ឋាន និងត្រូវប្រើគ្រប់មធ្យោបាយសរុបកម្លាំងសរុប វិធានការសរុប ដែលជំរុញឱ្យផែនការសកម្មភាពអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

លោកថា «ត្រូវបន្តពង្រឹង គោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព និងត្រូវអនុវត្តជាប្រចាំបន្ថែមទៀត ដើម្បីតាមដានសកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វារព្រំដែននានាជាប់ប្រទេសជិតខាង ក្នុងការទប់ស្កាត់ការបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់»