(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ដល់ក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខា ក្រុង ស្រុកទាំង៧ ក្នុងខេត្តត្បូងឃ្មុំ និងមានការចូលរួមពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជា បណ្តាខេត្តមួយចំនួនរួមមានសាខាខេត្តក្រចេះ, ខេត្តព្រៃវែង, ខេត្តមណ្ឌលគិរី, ខេត្តកំពង់ធំ, ខេត្តកោះកុង និងខេត្តពោធិ៍សាត់ សរុបចំនួន៥២នាក់ ក្នុងនោះស្រី១៤នាក់ បានចូលរួមផងដែរ។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមការជួយទ្រទ្រង់ថវិកាពីកាកបាទក្រហមហ្វាំងឡង់ និងថវិកាបដិភាគ របស់សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ប្រមាណ២០%។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសាខា និងបណ្តាអនុសាខាលើនីតិវិធីរដ្ឋបាល ហិរញ្ញកិច្ច ការងារផែនការ ការពិនិត្យតាមដាន ការវាយតម្លៃ និងរបាយការណ៍ ក៍ដូចជាការពង្រឹងប្រព័ន្ធតាមដានរាយការណ៍ អំពីគ្រោះមហន្តរាយនានា ដែលកើតមានឡើងនៅក្នុងសហគមន៍មូលដ្ឋាន។

ថ្លែងក្នុងពិធីបើកនាឱកាសនោះលោក ហាក់ សុខមករា បានថ្លែងអរគុណ និងកោតសរសើរដល់កាកបាទក្រហមហ្វាំងឡង់ ដែលបានបញ្ចប់គម្រោងរបស់ខ្លួនទៅហើយ នៅបានបន្តជួយគាំទ្ររយ:ពេល៤ខែបន្តទៀត និងជាពិសេសបានគាំទ្រថវិកាដល់ការរៀបចំវគ្គសិក្ខាសាលានាពេលនេះ។ លោកក៍បានថ្លែងសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែង របស់មន្ត្រីក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុកទាំង៧ ក្នុងឆ្នាំ២០១៩កន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងឈានទៅដល់ការប្រជុំ បូកសរុបសកម្មភាពប្រចាំឆ្នាំ របស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។

ជាចុងក្រោយលោក ហាក់ សុខមករា ក៍បានណែនាំផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីសិក្ខាសាលានេះយកទៅអនុវត្តនៅ បណ្តាក្រុងស្រុក និងខេត្តរៀងៗខ្លួនឲ្យបានល្អប្រសើរផងដែរ៕