(កំពង់ធំ)៖ ទំនិញក្លែងក្លាយ និងខូចគុណភាព ចំនួន ២២មុខ ទម្ងន់ប្រមាណជាង ៨តោន ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតីលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បន្ទាប់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេប ជម្រាបជូនអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពនៃវិស័យពាក់ព័ន្ធនានា ក្នុងខេត្តជូនអង្គពិធីរួចមក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានបញ្ជាក់ថា សមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរខេត្ត ជាពិសេសសមត្ថកិច្ចនានា និងព្រះរាជអាជ្ញា ចុះបង្រ្កាផលិតផលក្លែងក្លាយ ក្នុងសហគ្រាសនៅក្នុងខេត្តកំពង់ធំ បានរកឃើញទំនិញខូច និងហួសកាលបរិច្ឆេទ ព្រមទាំងបានរឹបអូសយករក្សាទុកនាពេលកន្លងមក បានចំនួន២២មុខ ប្រមាណជាង៨តោន។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានឲ្យដឹងថា ទំនិញដែលដុតបំផ្លាញចោលនៅពេលនេះ រួមមាន៖ ទឹកក្រូច Big Cola, ទឹកក្រូច Volt, ទឹកក្រូច Royal Honey Lemon ចំណុះ៥០០មីល្លីលីត្រ, តែបៃតង Green Tea ចំណុះ៥០០មីល្លីលីត្រ, ទឹកក្រូច Stronger, ទឹកក្រូច Aloevera ចំណុះ៣៨០មីល្លីលីត្រ, ស្រាបៀ Beer Grown, តែ Oishi Green Tea ចំណុះ៣៨០មីល្លីលីត្រ, Bireleys ចំណុះ២៩០មីល្លីលីត្រ, ទឹកក្រូច LP ពណ៌ក្រហម ចំណុះ២លីត្រ, ទឹកក្រូច LP ពណ៌ទឹកក្រូច ចំណុះ២លីត្រ, ទឹកក្រូច LP ពណ៌លឿង ចំណុះ២លីត្រ, ទឹកក្រូច LP ពណ៌ស ចំណុះ២លីត្រ, ទឹកក្រូច Raindy ខៀវ ចំណុះ១.២៥មីល្លីលីត្រ, ទឹកក្រូច Raindy ខ្មៅ ចំណុះ១.២៥មីល្លីលីត្រ, ទឹកក្រូច VAVA, ទឹកសុទ្ធ Evian, ទឹកសុទ្ធ LP វិទូ ចំណុះ៣៣០ក្រាម, មេទឹកក្រូច ស្ករអំពៅ, លក្ខ Sunset ចំណុះ៥០០ក្រាម, មេក្លិនក្រូច A3923 និងល័ក្ខ Apple Green។

ជាមួយគ្នានេះ លោក អង្គវង្ស វឌ្ឍានា បានលើកឡើងថា រៀងរាល់ថ្ងៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានខិតខំយ៉ាងស្រស្រាក់ស្រាំ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ និងអនុវត្តន៍តាមអនុសាសន៍របស់រាជរដ្ឋាភិបាល បានពង្រឹងការស្រាវជ្រាវស៊ើបអង្កេតដោយសហការជាមួយ កម្លាំងជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលផ្តុំព័ត៌មាន ព្រមទាំងកំណត់មុខសញ្ញា និងទីតាំង ក្នុងការបង្រ្កាប ដោយមិនបណ្តែតបណ្តោយ ទុកឲ្យមុខសញ្ញា ជាឈ្មួញមានឱកាស ធ្វើសកម្មភាពរំលោភលើច្បាប់ នៅក្នុងសង្គមឡើយ។

លោករដ្ឋមន្ដ្រី បានផ្តាំផ្ញើទៅដល់ឈ្មួញទុច្ចរឹតទាំងឡាយ ត្រូវតែបញ្ឍប់ជាបន្ទាន់ ចំពោះសកម្មភាពល្មើសច្បាប់ ដែលបង្កហានិភ័យខ្ពស់ដល់សង្គមជាតិ ជាពិសេសធ្វើឲ្យប៉ះពាល់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ម៉្យាងទៀត ត្រូវតែបញ្ឍប់ការយកអំណាច និងបុណ្យស័ក្កិរបស់ខ្លួន ទៅអន្តរាគមន៍ ឬកាងឲ្យជនល្មើស ជាពិសេសបទល្មើសផលិតផលក្លែងក្លាយនេះ ដូច្នេះគឺមានតែការពួតដៃ និងសហការគ្នា ពីគ្រាប់បណ្តាក្រសួង ស្ថាប័ន និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម ទើបអាចទប់ស្កាត់បទល្មើសនេះបានប្រកបដោយប្រសិទ្ធភាព។

ជាចុងក្រោយ លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការ ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផ្សេងៗ ដែលខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់ និងការពារ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព៕