(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ស្ថិតនៅក្នុងក្រុមទី២២១ ផ្លូវលេខ៧២ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរងគ្រោះ ដោយសារអគ្គិភ័យ កាល់ពីយប់ម្សិលមិញនេះ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំ តែងតែគិតគូយកចិត្តទុកដាក់ខ្ពស់បំផុត លើបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូននាពេលនេះរួមមាន៖ អង្ករចំនួន ១បាវ ស្មើនឹង ២៥គីឡូក្រាម, មី ១កេស, ទឹកត្រីចំនួន ១យួរ, ទឹកដោះគោចំនួន ១០យួរ, កំសៀវដាំទឹកចំនួន០១ ធុងទឹកចំនួន០១, ខ្ទះឆាចំនួន០១, ថ្នាំដុសធ្មេញចំនួ០១ឡូ និងសំភារៈប្រើប្រាស់មួយចំនួន រួមនឹងថវិកាចំនួន ៨ម៉ឺនរៀល ក្នុង១គ្រួសារផងដែរ។

ក្នុងនោះលោកប្រធានកិត្តិសយអនុសាខា និងភរិយា បានឧបត្ថម្ភថវិកាក្នុង ១គ្រួសារ ថវិកាចំនួន ៥ម៉ឺនរៀល និងព្រះឃោសាវិសុទ្ធិ ទូត ម៉េងឈុន ព្រះចៅអធិការវត្ត ស្តីទីវត្តព្រះពុទ្ធឃោសាចារ្យ នូវថវិកាចំនួន៤០ម៉ឺនរៀល និង គ្រឿងឧបភោគ-បរិភោគ មួយចំនួនទៀតផងដៃរ។

នៅវេលាម៉ោងជាង ៨យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរស្ពានជ្រោយចង្វារ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរលត់ទាំងស្រុងទៅវិញហើយ ក្រោយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នរួមដៃគ្នាដើម្បីសង្គ្រោះ។

បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់១២ខ្នង ខណៈកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន៤៦គ្រឿង ប្រើទឹកអស់ជាង១០០ឡានទើបអាចគ្រប់គ្រងបានទាំងស្រុង៕