(ព្រះវិហារ-កំពង់ធំ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទិ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ គ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ Foreigner Presence in Cambodia System (FPCS) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស នៅស្នងការរដ្ឋាននគរបាល ខេត្តព្រះវិហារ និងខេត្តកំពង់ឆ្នាំង។

នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើឡើងនាពេលព្រឹក និងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ធ្វើឡើងនាពេលរសៀល ដោយមានការចូលរួមពីស្នងការនគរបាលខេត្តទាំង២ លោកស្នងការរងទទួលការងារអន្តោប្រវេសន៍ ស្នងការងទទួលផែនសន្តិសុខ និងលោកអនុប្រធាននាយកដ្ឋាន លោកអធិការ-អធិការរង លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ បានធ្វើការណែនាំដល់លោកស្នងការង លោកអធិការ -អធិការរង ជាពិសេសលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវយកចិត្តទុកដាក់យល់ច្បាស់អំពីរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីជាគ្រូបង្គោល និងធ្វើការណែនាំបង្រៀនបន្តដល់បណ្តាម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ។

បន្ទាប់មកទៀត ក្រុមការងារបច្ចេកទេសត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធ FPCS បានធ្វើបទបង្ហាញបន្ថែមទៀតអំពីរបៀបបង្កើតគណនី និងរបៀបប្រើប្រាស់ប្រព័ន្ធ FPCS និងបានបង្កើតគណនី ជូនដល់មន្ត្រីមួយចំនួនដែលពុំយល់ផងដែរ។ ក្នុងពេលនោះដែរក្រុមការងារបានចុះទៅធ្វើការបង្ហាត់បង្រៀន ដល់ម្ចាស់ផ្ទះសំណាក់មួយចំនួននៅក្នុងខេត្តព្រះវិហារ អំពីការប្រើប្រាស់កម្មវិធី FPCS នេះផងដែរ។

លោកឧត្តមសេនីយ៍ បានថ្លែងថា កន្លងមកនេះមានខេត្តមួយចំនួន គ្រប់គ្រងជនបរទេសមិនបានល្អ ហើយជនបរទេសទាំងនោះ បានបង្កបទល្មើសផ្សេងៗ និងបានលាក់ខ្លួននៅក្នុងផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ជាដើម។ ដោយស្ថិតក្នុងស្ថានភាពបែបនេះ នៅពេលអាជ្ញាធរបរទេសស្នើសុំរកមុខសញ្ញាដែលចូលមកប្រទេសយើង គឺវាមានការពិបាកក្នុងស្រាវជ្រាវរកមុខសញ្ញាទាំងនោះ។

ការប្រើប្រព័ន្ធអេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System ) អត្តសញ្ញាណជនបរទេសទាំងអស់ នឹងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថកិច្ច ហើយក៏ងាយស្រួលក្នុងការ គ្រប់គ្រងជនបរទេស ជាពិសេសគឺការបង្ក្រាបបទល្មើស និងក្រុមឧក្រិដ្ឋជនឆ្លងដែន បានទាន់ពេលផងដែរ៕