(ត្បូងឃ្មុំ)៖ ដើម្បីត្រួតពិនិត្យរាល់រថយន្តដឹកទំនិញធន់ធ្ងន់ ដែលធ្វើចរាចរណ៍លើដងផ្លូវ មិនឲ្យលើសទម្ងន់កំណត់ ធ្វើឲ្យខូចផ្លូវនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ស្ថានីយថ្លឹងរថយន្ត នៅទីតាំងគោលដៅ តាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។ ដោយឡែក ចំពោះខេត្តត្បូងឃ្មុំវិញ មាន១ស្ថានីយ គឺស្ថានីយថ្លឹងរថយន្តថ្នល់ទទឹង ស្ថិតក្នុងស្រុកត្បូងឃ្មុំ លើកំណាត់ផ្លូវជាតិលេខ៧ ដែលជាកំណាត់ផ្លូវដ៏សំខាន់និងមមាញឹក សម្រាប់រថយន្តដឹកទំនិញតូចធំបើកបរឆ្លងកាត់ ពិសេសនាពេលយប់តែម្តង។

ថ្លែងក្នុងអង្គសន្និបាតក្រសួងនាពេលថ្មីៗនេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ក្រើនរំលឹកដល់ប្រធានស្ថានីយរថយន្តទូទាំងប្រទេសថា ស្ថានីយថ្លឹងរថយន្ត ជាភ្នែកច្រមុះឲ្យក្រសួងសាធារណការ និងក្រោមការចង្អុលបង្ហាញពីលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចំណាត់់ការហាមដាច់ខាតរថយន្តដឹកលើកទម្ងន់មានវត្តមាន បំផ្លាញផ្លូវក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាការណែនាំរបស់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំនោះ លោក គង់ សុភាព បញ្ជាក់លើគោលជំហររបស់ខ្លួនថា ការអនុវត្តន៍នេះគឺធ្វើយ៉ាង ម៉ឺងម៉ាត់ ទៅលើគ្រប់រថយន្តទាំងអស់ដែលបើកឆ្លងកាត់ស្ថានីយ៍ដោយមិនមានការលើកលែងនោះឡើយ។

នាពេលកន្លងមកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងមន្ទីរសាធារណការខេត្ត តែងតែទទូច និងសំណូមពរដល់ម្ចាស់យានយន្តដឹកទំនិញធន់ធ្ងន់ទាំងអស់ មេត្តាដឹកទម្ងន់ទៅតាមការកំណត់ កុំឲ្យលើសទម្ងន់ ដើម្បីរួមគ្នាថែរក្សាគុណភាពផ្លូវប្រើប្រាស់ឲ្យបានល្អយូរអង្វែង ពិសេសពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ននិងអធ្យាស្រ័យខ្ពស់ ដើម្បីអាយុជីវិតខ្លួន និងអ្នកដទៃ។

ក្រោយកំណែទម្រង់គ្រប់គ្រងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងការផ្លាស់ប្តូរប្រធានគ្រប់គ្រងស្ថានីយ៍រថយន្ត ត្រូវបានមើលឃើញថាការអនុវ្តតន៍លើការងារនេះកាន់តែល្អ និងមានប្រសិទ្ធភាព ខ្ពស់។

ជាក់ស្តែង លោក គង់ សុភាព ប្រធានស្ថានីយ៍ថ្លឹងរថយន្តថ្នល់ទទឹង ដែលទើបចូលកាន់តំណែងថ្មីបានមិនដល់១សប្តាហ៍ផងនោះ បានបញ្ជាក់ឲ្យដឹងថា ក្រោមការសហការរវាងអាជ្ញាធរស្រុកត្បូងឃ្មុំ ជាមូយមន្ត្រីស្ថានីយ ត្រឹមរយៈពេល៦ថ្ងៃពីថ្ងៃទី២០ ដល់២៥ ខែកុម្ភៈ ឆ្នាំ២០២០ រថយន្តដឹកទំនិញឆ្លងកាត់ចូលស្ថានីយថ្លឹងទាំងយប់ទាំងថ្ងៃ មានចំនួន១,៤០៤គ្រឿង ក្នុងនោះដឹកលើសទម្ងន់កំណត់ ដោយផាកពិន័យនិងធ្វើកិច្ចសន្យាមានចំនួន២០គ្រឿង សរុបទឹកប្រាក់បានចំនួន ៣១,០០០,០០០រៀល បើសរុបរយៈពេល១ខែពេញវិញ ចាប់ពីថ្ងៃទី២៥ ខែមករា រហូតដល់ថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានរថយន្តដឹកទំនិញឆ្លងកាត់ចូលថ្លឹងចំនួន៤១១៨គ្រឿង លើសទម្ងន់ដោយបានផាកពិន័យបាន២២គ្រឿង ទឹកប្រាក់ផាកពិន័យបានចំនួន ៣៣,១០០,០០០រៀល។

ប្រធានស្ថានីយ៍ថ្នល់ទទឹងរូបនេះ បញ្ជាក់ថា ក្នុងចំណោម២២ករណីនេះមាន១ករណី ដែលម្ចាស់រថយន្តហ៊ានល្មើស ដោយដឹកលើសហើយ គេចវេសទៀត គឺនៅយប់ថ្ងៃទី២៥ ឈានចូលថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានរថយន្តv1 ម៉ាក Fuso១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-7073 ម្ចាស់ឈ្មោះ ឃឹម ផលរ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ដែលបានដឹកដំឡូងទិសដៅពីលិចទៅកើត ដើម្បីទៅលក់ឲ្យវៀតណាម បើកបរគេចវេសមិនចូលស្ថានីយថ្លឹង ភ្លាមៗលោកបានទាក់ទងសុំសហការជាមួយកម្លាំងនគរបាលចរាចរណ៍តាមគោលដៅក្រុងសួង ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ក្រោយទទួលដំណឹងនេះ កម្លាំងនគរបាលចរាចរណ៍នៅគោលដៅស្រុកពញាក្រែក បានចាប់ឃាត់បានរួចសហការនាំយកមកស្ថានីយ៍ថ្នល់ទទឹងវិញ។

ដោយបានការណែនាំពីប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ លោក គង់ សុភាព បានឲ្យម្ចាស់រថយន្ត v1នេះ តម្រូវឲ្យយកឡានមកសាងដំឡូងដែលលើសទម្ងន់៩តោនចេញ ក៍ដូចជាបានណែនាំអប់រំបញ្ឈប់ទង្វើបែបនេះបន្តទៀត ដោយធ្វើកិច្ចសន្យាផ្តិតមេដៃ និងផាកពិន័័យជាទឹកប្រាក់ចំនួន ២,៨៥០,០០០រៀល ទៅតាមការកំណត់របស់ក្រសួង។

បើតាមប្រភពពីអាជ្ញាធរ និងមន្ត្រីស្ថានីយ៍ថ្លឹងរថយន្ត បានឲ្យដឹងថា ក្នុង១ថ្ងៃមានរថយន្តជាង១០០គ្រឿងពិសេសពេលយប់ បានបើកវៀងទីតាំងស្ថានីយថ្លឹងរថយន្តថ្នល់ទទឺង ដោយបើកកាត់ តាមផ្លូវដីតូចៗ ពិសេសពីផ្លូវជាតិលេខ៧ត្រង់ផ្លូវបំបែកថ្នល់ទទឹង បត់ទៅផ្លូវជាតិលេខ១១ កាត់ស្រុកអូររាំងឪ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៨ នៃខេត្តព្រៃវែង និងបន្តចូលផ្លូវជាតិលេខ៧វិញ នៅខាងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលសុខចិត្តជិះវៀងលើចម្ងាយផ្លូវជិត១០០គីឡូម៉ែត្រ ដែលនេះជាការព្រួយបារម្ភរបស់ពលរដ្ឋ បានសំណូមពរឲ្យសមត្ថកិច្ច តាមដងផ្លូវជួយ សហការជាមួយមន្ត្រីជំំនាញលើបញ្ហានេះ ព្រោះបានប៉ះពាល់គុណភាពផ្លូវជាច្រើនកន្លែង ដែលនឹងបណ្តាលឲ្យផ្លូវខូច បើសិនជានៅបន្តបែបនេះទៀត៕