(បាត់ដំបង)៖ ដើម្បីអបអរទិវាជាតិសុខភាពមាតាទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២០ ក្រោមប្រធានបទ «សុខភាពកុមារកម្ពុជានាពេលអនាគត» នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តំណាងលោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន២០ នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ២៧នាក់ ដោយមានការចូលរួមសមាជិកសមាជិកាគណៈកម្មាធិការសាខា មន្រ្តីសាខា នៅមណ្ឌលសុខភាពក្តុលដូនទាវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច ដែលបានចូលរួមក្នុងកម្មវិធីនេះ។ លោកបណ្ឌិតបានថ្លែងអំណរគុណ ចំពោះលោកស្រី ព្រំ វណ្ណា សមាជិការគណៈកម្មាធិការសាខាខេត្ត ដែលបានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនជនរួមជាតិក្នុងឱកាសទិវាជាតិសុខភាពមាតាទារក និងកុមារ។

លោកបណ្ឌិត ប៊ុត គឹមស៊ាន សំណូមពរស្រ្តីមានផ្ទៃពោះ និងកូនតូចទាំងអស់ប្រតិបត្តិតាម រួមមាន៖

១៖ សូមឱ្យស្រ្តីមានគភ៌ទាំងអស់អញ្ជើញទៅពិនិត្យសុខភាពពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ទទួលយកសេវាបង្ការព្យាបាលទាំងអស់ឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន។

២៖ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

៣៖ សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។

៤៖ សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

៥៖ សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើមជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះលោកបណ្ឌិតបានគូសបញ្ជាក់ពីសារសំខាន់នៃការកំណត់ទិវាជាតិសុខភាពមាតាទារក និងកុមារ ២១កុម្ភៈនេះ ស្របពេលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១។

ក្នុងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញការងារយ៉ាងសំខាន់ជួយពង្រឹងកម្លាំងចលករទាំងអស់ក្នុងការគាំពារសុខភាពស្ត្រី និងកុមារ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែជាអ្នកអំពាវនាវកៀរគរមតិ និងធនធានប៉ុណ្ណោះទេ សម្តេចថែមទាំងជាអ្នកផ្តល់គម្រូល្អ បំផុសគំនិតដល់អ្នកជំនាន់ក្រោយឱ្យបន្តវេនបំពេញការងារមនុស្សធម៌ ការងារសង្គម និងជាពិសេសជួយលើកកម្ពស់វិជ្ជាជីវៈឆ្មបជំនាញ ដើម្បីជួយគ្រប់ស្ត្រីទាំងអស់ទទួលបាននូវមាតុភាពល្អប្រសើរទារក និងកុមារទាំងអស់មានសុខភាពល្អរឹងមាំ និងបញ្ញាស្មារតីឆ្លាតវាងវៃ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានអង្ក២៥គីឡូក្រាម មី២០កញ្ចប់ ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ ១ធុង សាប៊ូដុះខ្លួន៤ដុំតូច ភីដុងទឹក១ ឃីត១កញ្ចប់ (មុង១ភួយ១សារុង១ក្រមា១) និងថវិកា២ម៉ឺនរៀល។ ផ្តល់ជូនបុគ្គលិកមណ្ឌលសុខភាព៧នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ថវិកា២ម៉ឺនរៀល ឧបត្ថម្ភអ្នកស្មគ្រ័ចិត្តភូមិទាំង៧ ថវិកា២៨០,០០០រៀល ឧបត្ថម្ភប្រជាការពារសង្កាត់១២នាក់ ថវិកា៧២០,០០០រៀល និងឧបត្ថម្ភថ្លៃជាងសង់ផ្ទះប្រជាពលរដ្ឋក្រីក្រ ថវិកា១,២០០.០០០រៀលផងដែរ៕