(ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ជំនួយផ្នែកច្បាប់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្រ្តីជាម្តាយទារិកាអាយុ៥ខែ ដែលស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនោះ ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារហើយ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការសិទ្ធិមនុស្សដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសរបស់គណៈកម្មាធិការសិទ្ធិមនុស្សបានបញញជាក់ថា ក្រោយពីបានទទួលព័ត៌មាន ស្តីពីការស្លាប់របស់ទារិកាអាយុ៥ខែ ដែលរស់នៅជាមួយម្តាយ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចាត់ក្រុមការងារស៊ើបអង្កេត ចុះធ្វើការស៊ើបអង្កេតដោយផ្ទាល់នៅនឹងកន្លែង និងសម្រេចផ្តល់នូវមេធាវីការពារក្តី តាមការស្នើសុំរបស់ស្រ្តីជាប់ឃុំ ដែលជាម្តាយទារិកា ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។

សេចក្តីប្រកាសបានបន្តថា ក្រោមកិច្ចអន្តរាគមន៍ជំនួយផ្នែកច្បាប់របស់ក្រុមមេធាវីសិទ្ធិមនុស្សនៃ គ.ស.ម.ក. តុលាការបានបើកសវនាការលើសំណុំរឿងនេះ និងប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ដោយឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៨ខែ ១០ថ្ងៃ ហើយទោសដែលនៅសល់ត្រូវអនុវត្តទោសព្យួរធម្មតា ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់បន្ថែមដូច្នេះថា៖ «ក្រោមកិច្ចអន្តរាគមន៍ និងសម្របសម្រួលពីក្រុមមេធាវីសិទ្ធិមនុស្សនៃ គ.ស.ម.ក. ជាមួយតំណាងអយ្យការ និងពន្ធនាគារ ថ្ងៃនេះស្រ្តីជាប់ឃុំត្រូវបានដោះលែងឱ្យមានសេរីភាព ដោយទោសក្នុងពន្ធនាគារ រយៈពេល ៨ខែ ១០ថ្ងៃ ត្រូវបានអនុវត្តចប់ ដោយគិតចាប់ពីថ្ងៃដែលឃុំខ្លួន ហើយទោសដែលនៅសល់ត្រូវព្យួរ»។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានសម្តែងស្វាគមន៍នូវការសម្រេចរបស់តុលាការ និងសូមថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ រួមមាន ពន្ធនាគារ ស្ថាប័នអយ្យការ និងតុលាការ ដែលបានផ្តល់នូវកិច្ចសហការ តាមការស្នើសុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងដំណើរការនៃការស៊ើបអង្កេត និងការពន្លឿនដំណើរការនៃសំណុំរឿងតាមនីតិវិធីច្បាប់។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សង្ឃឹមថាស្រ្តីជាប់ឃុំដែលត្រូវបានដោះលែងឱ្យមានសេរីភាពនៅថ្ងៃនេះ នឹងខិតខំកែប្រែ កសាងខ្លួន ឈប់ពាក់ព័ន្ធជាមួយគ្រឿងញៀន និងក្លាយជាពលរដ្ឋល្អក្នុងសង្គម។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តតាមដាន និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើករណី ផ្សេងៗទៀតពាក់ព័ន្ធនឹងស្ត្រីជាប់ឃុំ ដែលមានកូននៅជាមួយក្នុងពន្ធនាគារ ដើម្បីធានាថា សិទ្ធិរបស់ពួកគេ រួមទាំងកុមារដែលនៅជាមួយត្រូវបានធានា និងការពារ ស្របតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងគោលការណ៍មនុស្សធម៌៕