(កំពង់ចាម)៖ មានករណីគ្រោះអគ្គិភ័យមួយកើតឡើង នៅចំណុចភូមិដីឡូ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅវេលាម៉ោង ០៩៖២០នាទី ព្រឹកថ្ងៃអាទិត្យ ទី០១ ខែមិនា ឆ្នាំ២០២០នេះ ដោយសារម្ចាស់ផ្ទះ ដុតភ្លើងធូបជំនាងផ្ទះ ខ្វះការប្រុងប្រយ័ត្ន។

ករណីនេះ បណ្ដាលឲ្យឆេះផ្ទះ កម្មសិទ្ធរបស់ឈ្មោះ ស៊្រាន់ ថាត ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ញឹម សុផល អាយុ៥៩ឆ្នាំ ផ្ទះសង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារផ្នែកខាង លើផ្នែកខាងក្រោមថ្ម ទំហំ ៧.៥០ គុណ ៩.៥០ ឆេះទាំងស្រុង ។

ទំហំខូចខាត៖ ម៉ូតូ ០២គ្រឿង, ខ្សែក (ផ្លាកទីនទម្ងន់៥ជី, លុយ២,៥០០,០០០រៀល និង សម្ភារមួយចំនួនទៀត។ ប្រើប្រាស់ទឹកអស់ ០៦ស៊ីទែន និងមានការចូលរួម សហការពីប៉ុស្តិ៍នគរបាលរដ្ឋបាល កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ ចុះជួយធ្វើការពន្លត់ផងដែរ។

ក្នុងករណីនេះ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យចេញរថយន្តអគ្គិភ័យ ចំនួន ៦គ្រឿង មានរថយន្តអធិការនគរបាល ស្រុកព្រៃឈរ២គ្រឿង កំពង់សៀម១គ្រឿង និងខេត្ត៣គ្រឿង ចេញប្រតិបត្តិជាបន្ទាន់។

ឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០នេះថា អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង ១០៖២០នាទី និងមិនបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ធផ្សេងទៀតឡើយ ។

បន្ថែមពីនោះទៀត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងខេត្ដ ត្រូវបង្កើនការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពាក់ព័ន្ធជាមួយនឹងករណីអគ្គិភ័យ ខណៈដែលខែនេះ ដល់ខែរដូវក្ដៅ វាងាយប្រឈមជាមួយការកើតឡើងគ្រោះថ្នាក់អគ្គិភ័យ។

ឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ទៀតថា បញ្ហាដំបូងឡើយ ត្រូវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្លួនឯង កុំចាំពេលកើតហេតុហើយ បានរកសមត្ថកិច្ចជួយអន្ដរាគមន៍៕