(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ដោយច្រានចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយ ចុះផ្សាយថា មានការបាញ់ប្រហារស្រោចមកលើកម្លាំងកងរាជអាវុធហត្ថ បណ្តាលឲ្យស្លាប់ម្នាក់ ពេលកំពុងចុះល្បាតព្រៃឈើជាមួយមន្រ្តីបរិស្ថាន នៅមូលដ្ឋានស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ មានព័ត៌មានចុះផ្សាយថា មានករណីបាញ់ប្រហារមួយមកលើសមត្ថកិច្ច បណ្តាលឲ្យស្លាប់ម្នាក់នៅគ្រាដែលកំពុងបេសកកម្ម នៅក្នុងព្រៃត្រង់ចំណុចក្រនមភូមិវាល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា «ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ព័ត៌មានដែលផ្សព្វផ្សាយខាងក្រោមនេះ ជាព័ត៌មានក្លែងក្លាយ ប្រឌិត បំផ្លើស បង្កភាពចលាចលសង្គម។ តាមការពិតមិនមានការបាញ់ប្រហារ បណ្តាលឱ្យកម្លាំងកងរាជអាវុធហត្ថណាម្នាក់ស្លាប់នោះទេ។ សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន»៕