(ព្រៃវែង)៖ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង យ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង ៦៖៣២នាទីល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

នៅក្នុងហេតុការណ៍នេះ មានកងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រៃវែង ចៅសង្កាត់ជើងទឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលជើងទឹក លោកមេភូមិ អនុភូមិ រួមនិងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ បានរួមគ្នាមកជួយពន្លត់ផងដែរ។

លោក នុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែង បានឲ្យភ្នាក់ងារ Fresh News ដឹងថា ជនរងគ្រោះដែលត្រូវភ្លើងឆេះផ្ទះនេះមានឈ្មោះ វិន រឿន អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះ វ៉ាន់ គា អាយុ ៥៨ឆ្នាំ។

នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានអុចធូបថ្ងៃសីល ហើយក៏ទៅចូលរួមពិធីខួបកំណើតគេ នៅក្នុងភូមិស្រាប់តែលឺប្រជាពលរដ្ឋថា មានភ្លើងឆេះផ្ទះខ្លួនក៏ប្រញាប់ប្រញាល់មកពន្លត់ តែភ្លើងបានឆេះសន្ទោសន្ធៅទៅហើយទោះបី មានការជួយអន្តរាគមន៍ពីសមត្ថកិច្ច និងពលរដ្ឋក្នុងភូមិជួយពន្លត់យ៉ាងសស្រាក់សស្រាំក៏ដោយ។

លោកបានបន្តថា សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿង និងបាញ់ទឹកអស់ ៤ស៊ីទែន ទើបរលត់ទាំងស្រុងមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។ ក្នុងនោះទ្រព្យសម្បត្តិ ដែលបាត់ បង់សរុបជិត២ម៉ឺនដុល្លារ។

លោកបានបន្តទៀតថា ដោយឡែកម្ចាស់ផ្ទះ និងបងប្អូនប្រជាពលរដ្ឋដែលជួយពន្លត់ពុំមាន អ្នករងរបួសនោះទេ មូលហេតុ ក្នុងអគ្គីភ័យនេះបង្ករឡើងដោយសារម្ចាស់ផ្ទះ អុចធូបហើយជ្រុះកំទេចភ្លើងក៏ឆេះរាលដាលពេញផ្ទះតែម្តង។

លោក នុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែង បានសម្តែងការសោកស្ដាយចំពោះករណីអគ្គីភ័យ ដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ជើងទឹក និងសូមអំពាវនាវដល់បងប្អូនប្រជាពលលរដ្ឋ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននារដូវប្រាំងនេះព្រោះអាកាសធាតុក្តៅខ្លាំងងាយនិងឆាបឆេះ ហើយមុននិងចេញទៅណាត្រូវពន្លត់ភ្លើងចង្ក្រាន្ត ភ្លើងធូប ទៀន បិទបារ៉ែតភ្លើងឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗដែលបង្ករឡើងដោយអគ្គីភ័យជាយថាហេតុ៕