(ព្រះសីហនុ)៖ កាលពីវេលាម៉ោង ២៖៣០នាទីទៀបភ្លឺនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជនជាតិចិនម្នាក់ បានប្តឹងរាយការណ៍ថា ម៉ូតូរបស់គាត់ ១គ្រឿង ម៉ាក SIRIUS ពណ៌ទឹកប៊ិច ត្រូវបានជនសង្ស័យលួចយកទៅបាត់ ពេលដែលគាត់ចតម៉ូតូទុកនៅមុខផ្ទះនៅចំណុចម្តុំសាលារៀនអូរ២ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ៤៖៣០នាទីទៀបភ្លឺថ្ងៃដដែល
ក៏បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ ព្រមទាំងម៉ូតូដែលបាត់នោះនៅចំណុចក្រោយផ្សារមាន់ ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយការសួរនាំ កម្លាំងនគរបាលបន្តទៅធ្វើការឃាត់ខ្លួនបានបក្ខពួករបស់ជនសង្ស័យចំនួន ២នាក់ទៀតជាបន្តបន្ទាប់។ ជនរងគ្រោះឈ្មោះ SHAO XIAN CHUN អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរលក់តៅហ៊ូ មានទីស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់រួមមាន៖

*ទី១ ៖ ឈ្មោះ ម៉ែន សុខនី ហៅ ខ្មៅ អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី២ ៖ ឈ្មោះ ភឿក កក្កដា ហៅ គួយ អាយុ២៧ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៣ ៖ ឈ្មោះ អឿន ស៊ុអុន អាយុ១៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖

*ម៉ូតូចំនួន ៣គ្រឿង (ម៉ាក SIRIUS ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ, ម៉ាក SIRIUS ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ និងម៉ាក AIR BLADE ពណ៌ទឹកក្រូច គ្មានផ្លាកលេខ លេខតួ)
*សោច្នៃសម្រាប់កាច់បំបែកសោកម៉ូតូ១ដើម
*សម្ភារសម្រាប់ដោះម៉ូតូមួយចំនួន។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕