(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងថា ដើម្បីប្រសិទ្ធខ្ពស់ក្នុងការដោះស្រាយបញ្ហានានា គ្រប់មន្ត្រីថ្នាក់ក្រោមត្រូវតែពង្រឹងសមត្ថភាពខ្លួនឲ្យបានខ្លាំង ដាក់ចិត្ត ដាក់កាយ បំរើពលរដ្ឋយ៉ាងពិតប្រាកដ ចៀសវាងបង្ករទំនាស់បញ្ហារកាំរកូសណាមួយធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់ ពិសេសត្រូវអនុវត្តន៍នូវតួនាទីរបស់ខ្លួនឲ្យបានល្អ សាកសមជាមន្ត្រីមានស្នាដៃស្នេហាជាតិ យ៉ាងពិតប្រាកដ។

លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងយ៉ាងដូច្នេះនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក នូ សាខន សមាជិកាក្រុមប្រឹក្សាខេត្តព្រមទាំង លោក-លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តលោក- លោកស្រី អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត, លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមេបញ្ជាកាកងកម្លាំងទាំងបីរបស់ខេត្ត ព្រមទាំងមន្ត្រីទាំងអស់នៃខេត្តកណ្ដាលទាំងមូលសរុបជាង១០០០នាក់។

លោក ម៉ៅ ភិរុណ បានលើកឡើងថា អង្គសន្និបាត បានចូលរួមធ្វើការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាល អាជ្ញាធរ មន្ទីរជំនាញបានអនុវត្តនាឆ្នាំ២០១៩ កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្ត ដើមី្បឆ្លើយតបទៅនឹងតម្រូវការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈតាមបែបវិមជ្ឈការ និងសហវិមជ្ឈការ។

លោក ក៏បានសម្តែងនូវការកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការចូលរួមខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត។ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នហើយសម្រេចបានតាមផែនការសកម្មភាពរបស់ខ្លួន៕