(ភ្នំពេញ)៖ ចំនួនភ្ញៀវទេសចរដែលបានចូលមកកម្សាន្ដនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩កន្លងទៅ មានការកើនឡើងយ៉ាងគំហុករហូតដល់ជាង៦.៦លាននាក់ ដែលនាំចំណូលជូនជាតិប្រមាណ៥,០០០លានដុល្លារអាមេរិក។ ប៉ុន្ដែនៅដើមឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ហាក់មានការធ្លាក់ចុះវិញ ប្រមាណ១៥ភាគរយ ដោយសារផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 ដែលជាបញ្ហាប្រឈមសកល។

ឆ្លើយតបបន្ទាន់នឹងបញ្ហានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាបន្ដបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រតិបត្តិករទេសចរ នៅក្នុងប្រទេសកម្ពុជា ពិសេសម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយជូនរដ្ឋ ស្របពេលដែលទេសចរណ៍មានការធ្លាក់ចុះនេះ។

ក្រោយទទួលបានអនុសាសន៍ពីសម្ដេចតេជោ ហ៊ុន សែន ក្រសួងទេសចរណ៍ដែលជាក្រសួងសាមី ទទួលបន្ទុកកិច្ចការងារនេះ បានផ្សព្វផ្សាយ និងកសាងផែនការយុទ្ធសាស្ដ្រ ដើម្បីជួយជំរុញក៏ដូចជាស្ដារឡើងវិញនូវបញ្ហាប្រឈមនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ដែលបង្កដោយវីរុសកូរ៉ូណា ឬ Covid-19 នៅប្រទេសចិន។

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងទេសចរណ៍» បានអះអាងថា វិធានការដែលក្រសួងបានដាក់ចេញ និងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើឲ្យស្ថានភាពវិស័យទេសចរណ៍ប្រសើរឡើងវិញ។

លោក ទិត ចន្ថា បានកត់សម្គាល់ថា បើទោះបីចំនួនភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនានៅប្រទេសកម្ពុជា មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែសកម្មភាព និងគោលដៅទេសចរណ៍ទាំងអស់នៅរស់រវើក។ លោកចាត់ទុកថា ក្នុងអំឡុងពេលនៃធ្លាក់ចុះនេះ ក៏ជាឱកាសឲ្យសម្រាប់កម្ពុជា ដើម្បីរៀបចំគោលដៅទេសចរណ៍ កាន់តែល្អបន្ថែមទៀតផងដែរ។

រដ្ឋលេខាធិការរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងបាននិងកំពុងអនុវត្តភា្លមទាន់ពេលវេលា ចំពោះវិធានការទាំងអស់នេះ ដោយយើងបានមើលឃើញ អំពីកត្ដាពាក់ព័ន្ធនេះជាច្រើនកន្លងមកហើយ ហើយយើងអត់រង់ចាំទេ យើងបានចាំផ្ដើមធ្វើកិច្ចការនេះតាំងពីចាប់ផ្ដើមដំបូងមកម្ល៉េះ។ វិធានការ៤សំខាន់ បូកផ្សំជាមួយសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ថែមទៀតដែលយើងកំពុងអនុវត្ត។ យើងសង្ឃឹមការអនុវត្តនេះ មានប្រសិទ្ធភាពខ្ពស់ យើងមានយន្ដការ យើងមានបទពិសោធន៍ យើងមានធនធានធ្វើ ហើយរួមគ្នាទាំងអស់ទាំងរដ្ឋ ឯកជន និងប្រជាពលរដ្ឋផង»

លោកបានបញ្ជាក់ទៀតថា វិធានការចំពោះមុខនេះ គឺជួយសម្រាលនូវអ្វីដែលបានជួបប្រទះនៅពេលនេះ ខណៈក្រសួងមិនទាន់អាចសន្និដ្ឋានបានថា នឹងជួយជំរុញកំណើនទេសចរណ៍នៅឆ្នាំ២០២០នោះទេ ព្រោះបច្ចុប្បន្នដោយសារវីរុសកូរ៉ូណា បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទេសចរណ៍ធំសម្រាប់កម្ពុជា គឺប្រទេសចិន។ លោកថា ទេសចរណ៍ចិន គឺជាទីផ្សារធំលេខ១ សម្រាប់កម្ពុជា។

បើតាមការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ គោលដៅទេសចរណ៍ដែលមានការធ្លាក់ចុះខ្លាំងនោះ គឺខេត្តសៀមរាប និងតំបន់ឆ្នេរ ពិសេសនៅខេត្តព្រះសីហនុផ្ទាល់តែម្ដង ដែលរយៈពេល២ខែដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេស មានការធ្លាក់ចុះប្រមាណ១៥ភាគរយ។

ដោយឡែក សម្រាប់វិធានការគោលសំខាន់ៗ ចំនួន៤ ដែលមានសកម្មភាពអនុវត្ត៩០ករណីនោះ រួមមាន៖

*ទី១៖ ជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង រួមមាន ទេសចរក្នុងស្រុក និងភ្ញៀវបរទេសនៅក្នុងកម្ពុជា។ អង្គសន្និបាតចូលរួមគាំទ្រការបង្កើត និងអនុវត្តកញ្ចប់ទេសចរណ៍លើកទឹកចិត្ត ដែលមានការសម្រួលថ្លៃកញ្ចប់ទស្សនាទាំងផ្នែកសាធារណៈ និងឯកជន នៅតាមគោលដៅទេសចរណ៍ និងគាំទ្របណ្ណកម្សាន្តក្នុងស្រុក ដែលមានតម្លៃសមរម្យ ការបង្កើតព្រឹត្តិការណ៍ និងវិធានការនៃការជំរុញការផ្សព្វផ្សាយយ៉ាងសកម្ម ដោយមានការចូលរួមពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយទាំងអស់។

*ទី២៖ វិធានការជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ហេដ្ឋារចនាសម្ពន្ធគាំទ្រ និងសេវាកម្មទេសចរណ៍ឲ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញសកម្មភាពនៃការវិនិយោគទាំងសាធារណៈ និងឯកជន សំដៅពង្រឹងពង្រីក និងធ្វើឲ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែរស់រវើកក្នុងក្រសែភ្នែកភ្ញៀវជាតិ-អន្តរជាតិ។

*ទី៣៖ ការទាក់ទាញភ្ញៀវមកពីប្រទេសជិតខាងក្នុងតំបន់ និងអន្តរជាតិដែលមិនទទួលរងការប៉ះពាល់ខ្លាំង (ក្នុងនោះក៏មានពលរដ្ឋខ្មែររស់នៅបរទេស) ដោយវិធានការត្រួតពិនិត្យ ទប់ស្កាត់ បង្ការ និងធានាការទស្សនាដោយគ្មានការភ័យខ្លាច គម្រាមកំហែងពី Covid-19 ឬករណីអវិជ្ជមានផ្សេងទៀត ព្រមទាំងប្រើប្រាស់ឱកាសនៃការទស្សនាទាំងនោះ សម្រាប់ជួយពង្រីកការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដូចការចូលចតពីនាវា Westerdam ដែរត្រូវអនុញ្ញាតចូលកម្ពុជាដ៏មានភាពល្បីល្បាញ។

*ទី៤៖ វិធានការជួយសម្រាលការលំបាកចំពោះឧស្សាហកម្មទេសចរណ៍ ពិសេសនៅខេត្តសៀមរាប ខេត្តព្រះសីហនុ គឺជាការចាំបាច់ និងបន្ទាន់ចំពោះមុខ ដែលអង្គសន្និបាតពេញចិត្តគាំទ្រ និងចូលរួមសហការជំរុញការអនុវត្តជាមួយរាជរដ្ឋាភិបាល។

សូមរំលឹកថា ឆ្នាំ២០១៩កន្លងទៅនេះ វិស័យទេសចរណ៍កម្ពុជា នៅរក្សាបានកំណើន ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ចំនួន៦.៦លាននាក់ កើនឡើងក្នុងអត្រា ៦.៦% ខណៈដែលភ្ញៀវទេសចរក្នុងស្រុកបានធ្វើដំណើរនៅទូទាំងប្រទេសមានចំនួនជាង ១១,៥លាននាក់ ក្នុងកំណើនប្រមាណ ២%៕