(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើឯកសារ ចំនួន២ គឺ ១៖ សេចក្តីព្រាង «អនុក្រឹត្យស្តីពីការគ្រប់គ្រងការវិនិយោគសាធារណៈ» និង២៖ សេចក្តីព្រាង «ផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រ ស្តីពីការកែទម្រង់ប្រព័ន្ធ គ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩ - ២០២៥»។
សេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់ទាំងពីរ ខាងលើ ត្រូវបានរៀបចំឡើង ដោយក្រុមការងារបច្ចេកទេសនៃ ក.ស.ហ.វ. តាមការចង្អុលរបស់យុទ្ធសាស្ត្រ ស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ ២០១៩-២០២៥ ដែលរាជរដ្ឋាភិបាល បានអនុម័ត កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ និងប្រកាសដាក់ឲ្យអនុវត្ត នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សេចក្តីព្រាង ឯកសារទាំងពីរនេះ ត្រូវបានដាក់ឆ្លងកិច្ចពិភាក្សាកម្រិតបច្ចេកទេសផ្ទៃក្នុង ក.ស.ហ.វ. ជាច្រើនលើកច្រើនសារ និងសិក្ខាសាលាពិគ្រោះយោបល់ កម្រិតបច្ចេកទេស ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអគ្គនាយកដ្ឋាន/អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួចរាល់ហើយ មុននឹងយក មកពិនិត្យពិភាក្សា និងសម្រេចនាថ្ងៃនេះ ។
ជារួម, «អនុក្រឹត្យស្តីពីការគ្រប់គ្រង ការវិនិយោគសាធារណៈ» មានគោលដៅកំណត់គោលការណ៍ជាសារវន្ត និងប្រព័ន្ធនៃការគ្រប់គ្រង ការវិនិយោគសាធារណៈ ជាអាទិ៍ រួមមាន៖
១៖ គោលការណ៍រួម សម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ពីគ្រប់ប្រភពហិរញ្ញប្បទាន និងនៅគ្រប់ កម្រិតរដ្ឋបាល។
២៖ គុណភាព ប្រសិទ្ធភាពអនុវត្ត និងភាពផ្សារភ្ជាប់ រវាងផែនការវិនិយោគសាធារណៈ ជាមួយនឹងថវិកានីយកម្មការវិនិយោគសាធារណៈ។
៣៖ ដំណាក់កាលរួម នៃវដ្តគម្រោងវិនិយោគសាធារណៈ។
៤៖ តួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័ន នៅគ្រប់ដំណាក់កាល នៃវដ្តគម្រោង។
៥៖ នីតិវិធីនៃការរៀបចំ និងគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ នៅគ្រប់ ដំណាក់កាលនៃវដ្តគម្រោង, និង
៦៖ កាតព្វកិច្ចនៃការរៀបចំរបាយការណ៍។
ដោយឡែក «ផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តយុទ្ធសាស្ត្រ ស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោគសាធារណៈ ២០១៩-២០២៥» គឺជាឧបករណ៍ជំនួយ ក្នុងការត្រួតពិនិត្យ, តាមដាន, និងវាយតម្លៃ លើវឌ្ឍនភាព នៃការអនុវត្តយុទ្ធសាស្រ្ត ស្តីពីការកែទម្រង់ប្រព័ន្ធ គ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥ ប្រចាំត្រីមាស និងប្រចាំឆ្នាំ ដែលកំណត់ច្បាស់លាស់អំពី៖ សូចនាករសមិទ្ធកម្មគន្លឹះ, ក្របខ័ណ្ឌពេលវេលា អនុវត្ត, និងអង្គភាពទទួលខុសត្រូវ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះមតិយោបល់ល្អៗ របស់សមាជិក សមាជិកា នៃអង្គប្រជុំ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេស នៃ ក.ស.ហ.វ. ដែលបានរៀបចំសេចក្តីព្រាងឯកសារ ដ៏មានសារៈសំខាន់ទាំងពីរនេះ៕