(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកឯកអគ្គរាជទូតម៉ាឡេស៊ី បានសម្តែងនូវសោមនស្សរីករាយ ចំពោះចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី និងបានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះភាពរីកចម្រើន ដ៏ខ្លាំងក្លារបស់កម្ពុជា។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវ ជោគជ័យនៅក្នុងវិស័យ សកម្មភាពមីន ដោយបានធ្វើការបោសសម្អាតមីនមនុស្សធម៌ ដើម្បីផ្តល់ដីសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងការកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ព្រមជាមួយគ្នានេះដែរ លោកឯកអគ្គរាជទូត បានបង្ហាញពីការប្តេជ្ញាចិត្ត សហការជាមួយកម្ពុជា នៅក្នុងវិស័យសកម្មភាពមីន ហើយលោកឯកអគ្គរាជទូត នឹងខិតខំកៀរគរ ធនធានពីរាជរដ្ឋាភិបាល និងសង្គមស៊ីវិលម៉ាឡេស៊ី ដើម្បីចូលរួមចំណែក ក្នុងកិច្ចសង្គ្រោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត របស់ម៉ាឡេស៊ី ក្នុងការសហការជាមួយកម្ពុជា ក្នុងវិស័យសកម្មភាពមីន។ អាជ្ញាធរមីន នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា៕