(ភ្នំពេញ)៖ ថវិកាចំនួន២ម៉ឺនដុល្លារ ដែលជាបច្ច័យបានមកពីពិធីបុណ្យគំរប់ខួប៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់លោកយាយឧបាសិកា ប៊ួយ ទង ត្រូវជាម្តាយរបស់លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ ដែលបានធ្វើមរណកាល ទៅកាន់លោកខាងមុខកាលពីថ្ងៃពុធទី២៩ ខែមករា ឆ្នាំ២០២០កន្លងមកនេះ ត្រូវបានលោក អ៊ុក សាវុធ និងលោកស្រី ទ្រី អេង ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀល ថ្ងៃអង្គារទី០៣ ខែមីនា ឆ្នាំ២០២០នេះ។
ថវិកានេះត្រូវបានធ្វើការប្រគល់ជូន ទៅលោកបណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងដោយមានវត្តមានលោកសាស្រ្តាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
លោក អ៊ុក សាវុធ បានបញ្ជាក់ថា ការផ្តល់បច្ច័យជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ គឺធ្វើឡើងតាមបណ្តាំរបស់លោកយាយឧបាសិកា ប៊ួយ ទង ដើម្បីជាការរួមចំណែកទ្រទ្រង់ ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវការចំណាយថវិកាសម្រាប់ជួយសង្គ្រោះ ពិនិត្យ និងព្យាបាលជំងឺដល់កុមារកម្ពុជា។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាក្នុងមួយថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាទាំងពីរទីតាំង ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មានកុមារកម្ពុជាជាមធ្យមប្រមាណជាង៣០០០នាក់មកពិគ្រោះជំងឺក្រៅ ក្នុងចំនោមនោះមាន១៥% ត្រូវដាក់ឱ្យសម្រាកនៅមន្ទីរពេទ្យដោយសារជាជំងឺធ្ងន់ មានប្រមាណ៥០០នាក់ ហើយមន្ទីរត្រូវចំណាយថវិកាប្រមាណ៤២លានដុល្លារក្នុងមួយឆ្នាំសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ។
លោក បណ្ឌិត ចន ណារិទ្ធ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អ៊ុក សាវុធ និងក្រុមគ្រួសារសម្រាប់ទឹកចិត្តដ៏សប្បុរសនេះ។
លោកបានបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជាត្រូវបានផ្តួចផ្តើមបង្កើត ឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាល។ ថ្វីត្បិតបច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាមានថវិកាគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ដំណើរការរបស់ខ្លួន ប៉ុន្តែយើងត្រូវការថវិកាជាច្រើនបំរុងទុក ដើម្បីនិរន្តរភាពមន្ទីរពេទ្យនាពេលខាងមុខ។
គួរបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាបានបង្កើតចាប់តាំងពីឆ្នាំ១៩៩២ ផ្តល់នូវសេវាពិនិត្យ ព្យាបាលជូនទារក កុមារ ស្ត្រីកម្ពុជាដោយឥតគិតថ្លៃ៕