(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោក គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យមើល វឌ្ឍនភាពនៃការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ ជាមួយនឹងការជំរុញ និងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការស្តារអូរ ប្រឡាយ នៅក្នុងខេត្តព្រះសីហនុនេះ។
សូមជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២០នេះ ការស្តារអូរសំខាន់ៗទាំង៥ នៅក្នុងក្រុងព្រះសីហនុ ដែលមានប្រវែង ២៩,៧៩១ម៉ែត្រ បានស្ដាររួចរាល់ប្រវែង ១៦,៦៧០ម៉ែត្រ ស្មើនឹង៥៥.៩៦% ហើយ ចំណែកឯប្រវែងដែលនៅសេសសល់ក្រសួង និងសហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការការងារស្ដារឱ្យបានចប់សព្វគ្រប់នៅមុនរដូវភ្លៀងធ្លាក់មកដល់។
ការពន្លឿនការស្ដារអូរសំខាន់ៗមួយចំនួន នៅក្នុងក្រុងព្រះសីហនុនេះ សំដៅការពារនិងទប់ស្កាត់កុំឱ្យមានការជន់លិចលង់ដោយសារទឹកភ្លៀងនៅរដូវវស្សា ដែលនឹងចូលមកដល់នាពេលឆាប់ៗ ខាងមុខនេះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះ ឱ្យមានភាពទាក់ទាញ និងអានាម័យល្អតាមផែនការ។
សូមបញ្ជាក់ថា អូរទាំង ៥នេះ មានប្រវែងសរុបចំនួន២៩,៧៩១ម៉ែត្រ រួមមាន៖ អូរអណ្ដូងអ៊ុនតាក់ ប្រវែង ៣,១១៦ម៉ែត្រ, អូរស្ពានឆេះ ប្រវែង ១,១៧០ម៉ែត្រ, អូរសំអាត ប្រវែង ៣,៧៧៥ម៉ែត្រ, អូរអេម៉ារីអូ ប្រវែង ១,៩០៦ម៉ែត្រ និងអូរឈើទាល ប្រវែង ១៩,៨២៤ម៉ែត្រ៕