(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសុំអង្វរដល់សិល្បករ សិល្បការិនីខ្មែរ ឱ្យបញ្ឈប់ការជេរបញ្ចោរគ្នាតាមបណ្តាញសង្គម Facebook ដែលធ្វើឱ្យសាធារណជនមើលទៅខ្វះសីលធម៌ ក្នុងនាមជាបុគ្គលសាធារណៈ ដែលផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរ។
ការអំពាវនាវរបស់ស សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
ដោយនិយាយដល់ការស្នើកុំឱ្យសិល្បការិនីស្លៀកពាក់ស៊ិចស៊ីពេក នៅពេលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ សម្តេចតេជោ ហ៊ុន សែន ក៏ចាប់ផ្តើមស្នើសុំកុំឱ្យមានការជេរគ្នាតាមបណ្តាញសង្គម ដោយសារតែធ្វើឱ្យប៉ះពាល់ដល់តម្លៃសិល្បៈខ្មែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សិល្បករ សិល្បការិនី ដែលកន្លងមកនេះមានការជេរបញ្ចោរគ្នាតាម Facebook តើខ្ញុំអាចសុំបានទេ រឿងនេះគឺជារឿងមិនគប្បីទាល់តែសោះ។ យើងជាសិល្បករ សិល្បការិនីជាបុគ្គលសាធារណៈ ដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬក៏បង្ហាញមុខនៅក្នុងចំណោមសាធារណជន រាប់ពាន់រាប់ម៉ឺននាក់មួយកន្លែងៗ ប៉ុន្តែយើងបែរជាជេរគ្នានៅតាម Facebook រឿងនេះវាមិនសមទាល់តែសោះ»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា រឿងជេរបញ្ចោរគ្នារបស់សិល្បករ សិល្បការិនីនេះជារឿងអកុសលបំផុត ដោយសារតែអ្នកសិល្បៈទាំងអស់ មានតួនាទីផ្សព្វផ្សាយអប់រំ តាមរយៈការសម្តែងរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញ បែរជាមានការជេរបញ្ចោរតាមបណ្តាញសង្គមនានាទៅវិញ។
សម្តេចយល់ឃើញថា បើមានរឿងគួរអ្វីមួយគួរតែពិភាក្សាគ្នា ឬនិយាយតាមតាមទូរស័ព្ទ ដើម្បីរកដំណោះស្រាយ ហើយចៀសវាងការជេរបញ្ចោគ្នា៕