(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមជម្រាបជូនសម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនជនរួមជាតិទូទាំងប្រទេសជ្រាបថា កាកបាទក្រហមកម្ពុជា សម្រេចផ្អាកការប្រារព្ធមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបលើកទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃ ៨ ឧសភា ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងគ្រប់គ្រង ផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ (Covid-19) មកលើសង្គម និងសេដ្ឋកិច្ចជាតិ។
ទោះបីជាមិនមានការរៀបចំពិធី ដើម្បីអបអរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើជារៀងរាល់ឆ្នាំក្តី ក៏កាកបាទក្រហមកម្ពុជា នៅតែបន្តកៀរគរមូលនិធិ និងស្វាមគមន៍ការ ចូលរួមជាវិភាគទានពីសំណាក់ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដូចធ្លាប់បានធ្វើកាលពីឆ្នាំកន្លងទៅទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
មូលនិធិដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានជួយឱ្យកាកបាទក្រហមកម្ពុជា មានធនធានអាចធ្វើប្រតិបត្តិ ការសប្បុរសធម៌របស់ខ្លួន ដោយពុំមានការរើសអើង សំដៅចូលរួមចំណែកក្នុងការជួយសង្រ្គោះជីវិត ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងកុមារការលើកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។ល។
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ ដែលបានចូលរួម វិភាគទាន នាពេលកន្លងមក និងសូមអំពាវនាវ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាបន្តចូលរួមជាកម្លាំងមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាករបស់បង-ប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតរួមមាន៖ អ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជនពិការ ចាស់ជរាឥតទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយ អ្នកផ្ទុកមេរោគអរដស៍/ជំងឺអេដស៍។ល។ នៅគ្រប់ទីកន្លែងទូទាំងប្រទេស ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយឡើយ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្អាកការប្រារព្ធមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០៖