(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារពិសេសមួយក្រុម របស់ក្រសួងទេសចរណ៍ ចូលរួមឧទ្ទេសនាមផ្សព្វផ្សាយពីវិធានការរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងទេសចរណ៍ផ្ទាល់ ជុំវិញការលើកកម្ពស់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាលកើតមានវិបត្តិជំងឺ Covid-19 ជូនដល់អ្នកពាក់ព័ន្ធដែលមានវត្តមានក្នុងសន្និបាត បូកសរុបការងាររបស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅឡើយទេ ក្រៅពីកើតឡើងលើជនជាតិចិនតែម្នាក់គត់ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី គ្មានការព្រួយបារម្ភចំពោះបញ្ហាឆ្លងជំងឺ Covid-19 នោះឡើយ ខណៈប្រទេសជាច្រើនលើពិភពលោកនេះកំពុងជួបបញ្ហាប្រឈមជុំវិញវិបត្តិជំងឺ Covid-19 នេះ»។ ប៉ុន្តែទោះជាយ៉ាងណា កម្ពុជាក៏តែមានការប្រុងប្រយ័ត្នយ៉ាងយកចិត្តទុកដាក់ចំពោះជំងឺនេះផងដែរ។
លោករដ្ឋមន្ត្រីបានលើកបង្ហាញពីវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល និងវិធានការសំខាន់ៗដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តនៅខេត្តសៀមរាប ក្នុងនោះក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីចុះអនុវត្តវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ផ្ទាល់។
លោករដ្ឋមន្ត្រីបានជំរុញឱ្យមានចលនាទេសចរក្នុងស្រុក ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចពីគោលដៅទេសចរណ៍មួយ ទៅគោលដៅទេសចរណ៍ដទៃទៀត ជាក់ស្ដែងប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅខេត្តសៀមរាប អាចទៅទស្សនាកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ ឬតំបន់ភូមិភាគឦសាន ឬរាជធានីភ្នំពេញ ឬទៅតាមបណ្ដាខេត្តនានាផ្សេងទៀត។ ចំណែកឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតាមបណ្ដាខេត្ត ឬគោលដៅទេសចរណ៍ដទៃក៏អាចមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី ភ្នំគូលែន តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ជាច្រើនទៀត។
លោកបានលើកទឹកចិត្តថា «ប្រជាពលរដ្ឋខ្មែរ បើស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី។ ធ្វើយ៉ាងដូចម្ដេចទើបបានស្គាល់ទឹកដី? គឺស្គាល់តាមរយៈការដើរទេសចរណ៍នេះឯង»។ ដូច្នេះប្រជាពលរដ្ឋត្រូវតែដើរចេញទេសចរណ៍កម្សាន្តនៅតាមរមណីយដ្ឋានក្នុងប្រទេសឱ្យបានច្រើនសិន ចាំចេញដើរកម្សាន្តនៅក្រៅប្រទេស ព្រោះក្នុងដំណាក់កាលនេះ នៅក្រៅប្រទេសក៏មិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺ Covid-19 នៅឡើយទេ ហេតុនេះការដើរទស្សនាកម្សាន្តនៅក្នុងប្រទេស គឺពិតជាសក្តិសមល្អបំផុត ខណៈដែលកម្ពុជាក៏កំពុងមានសុខសន្តិភាព សុវត្ថិភាព និងមានផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានទេសចរណ៍នានានោះក៏ងាយស្រួលជាងមុន។
លោករដ្ឋមន្ត្រីក៏បានផ្សព្វផ្សាយថា ខេត្តសៀមរាប ក្រៅតំបន់អង្គរទាំងមូល ក៏មានរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍មិនតិចដែរ ដូចជានៅតំបន់អេកូទេសចរណ៍ចុងឃ្នាស សហគមន៍អេកូទេសចរណ៍ជ្រាវ សហគមន៍អេកូទេសចរណ៍កំពង់ភ្លុក តំបន់ទេសចរណ៍នៅភ្នំគូលែន សហគមន៍ទេសចរណ៍បន្ទាយស្រី រមណីយដ្ឋានទេសចរណ៍របស់ផ្នែកឯកជនជាច្រើន។
ពិសេសលើសនេះ ខេត្តសៀមរាបក៏នឹងត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សិល្បៈ កីឡា ម្ហូបអាហារ ពិធីបុណ្យសាសនា ការប្រគំតន្ត្រី ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត បាតុភូតព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ដំណើរទស្សនកិច្ច និងកិច្ចប្រជុំថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិជាច្រើនទៀត សម្រាប់ឆ្នាំ២០២០នេះ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត។
លោកបានលើកឡើងទៀតថា បុគ្គលិក និយោជិត និង មគ្គុទេសក៍ទេសចរណ៍ ដែលត្រូវបានកាត់បន្ថយ ឬផ្អាកការងារ ក្នុង ដំណាក់កាលលំបាកនេះ អាចមកមកទទួលការបណ្ដុះបណ្ដាលជំនាញល្អៗ ជាមួយក្រុមការងាររបស់ក្រសួងទេសចរណ៍ ដែលជាការអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ ដើម្បីឱ្យបុគ្គលិកនិយោជិតកាន់តែមានសមត្ថភាពល្អប្រសើរជាងមុន លុះដល់ពេលភ្ញៀវទេសចរកើនឡើងវិញ ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ខ្លួននឹងបានរៀបរយទាន់ពេលចំពោះការទទួលស្វាគមន៍ និងបម្រើសេវាកម្មជូនភ្ញៀវទេសចរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងឡាយនៅខេត្តសៀមរាប គប្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលជាមួយបុគ្គលិក និយោជិតរបស់សណ្ឋាគារ ផ្ទះសំណាក់ខាងលើឱ្យបានច្រើនកុះករ ព្រោះជានេះជាឱកាសទទួលបានអត្ថប្រយោជន៍សម្រាប់ពួកគេផ្ទាល់។
ទោះបីជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅតែទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលរួមអនុវត្តវិធានការនានាជាមួយរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកសេវាកម្មទេសចរណ៍ បង្កើតផលិតផលទេសចរណ៍ថ្មីៗ ពង្រីកគោលដៅទេសចរណ៍ក្នុងប្រទេស ជំរុញចលនាទេសចរក្នុងស្រុក ពិសេសដើម្បីលើកកម្ពស់វិស័យទេសចរណ៍ជាតិឱ្យបន្តមានការអភិវឌ្ឍ ហើយសូមកុំមានការព្រួយភ័យចំពោះបញ្ហាវិបត្តិជំងឺ Covid-19។ លោកថា «មានតែការសាមគ្គីគ្នាទប់ទល់ប្រយុទ្ធប្រឆាំងដោះស្រាយបញ្ហានេះទេ ទើបកម្ពុជាអាចបន្តទៅមុខ វិស័យទេសចរណ៍ជាតិអាចបន្តការរីកចម្រើនទៅមុខ»៕