(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ជំងឺ Covid-19 អាចនឹងធ្វើឲ្យប៉ះពាល់ ដល់ការប្រមូលចំណូលរបស់កម្ពុជា ព្រោះតែការថយចុះនៃសេដ្ឋកិច្ចពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក គង់ វិបុល បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការប្រកាសប្រព័ន្ធអនឡាញ (E-Filing) ព្រមទាំងវិក្កយបត្រតម្រង់ថ្មី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
លោក គង់ វិបុល បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងតែសិក្សាមើលថែមទៀតថា តើផលប៉ះពាល់នេះវាដល់កម្រិតណា ពីព្រោះយើងមិនដឹងថា Covid-19 នេះ វានឹងចប់នៅពេលណានោះទេ ពីព្រោះវាអាច១ខែ ឬ២ខែទៀតហ្នឹងគឺជាសេណារីយូមួយទៀត វាអាច១ឆ្នាំទៀតក៏យើងខ្ញុំមិនដឹងដែរ អីចឹងហើយផលប៉ះពាល់ វាអាចប៉ះពាល់ដល់ចំណូលដែរ ប៉ុន្តែដល់កម្រិតណាយើងកំពុងធ្វើការសិក្សានៅឡើយ»។
លោកអគ្គនាយកបានបន្តថា នៅក្នុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះ ក្នុងនោះរួមទាំងកម្ពុជាផងដែរ ហើយការប៉ះពាល់ទៅដោយមេរោគ Covid-19 នេះ គឺមិនមែនប៉ះពាល់តែចិន និងប្រទេសមួយចំនួនទេ គឺពិភពលោកមានការថយចុះសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យទេសចរណ៍។
លោកបញ្ជាក់ថា ខណៈដែលស្ថានភាព Covid-19 បានធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល អគ្គនាយកដ្ឋានពន្ធដារ បានកំពុងយកចិត្តទុកដាក់ និងធ្វើការផ្សព្វផ្សាយ តាមរយៈនៃកម្មវិធីផ្សេងៗជាច្រើន ដើម្បីពង្រីក និងពង្រឹងបន្ថែម អំពីកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់ប្រភេទ ដើម្បីជំរុញឲ្យគោរពតាមច្បាប់ជាធរមាន រួមជាមួយការពង្រឹងនូវអនុលោមភាព និងការពង្រឹងអំពីអភិបាលកិច្ចរបស់ក្រុមហ៊ុនផងដែរ។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តន៍ឲ្យបានប្រសិទ្ធភាពខ្ពស់ ចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកលែងពន្ធមួយចំនួន សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប, វិស័យកាត់ដេរ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។
ការសម្រេចលើកលែងពន្ធមួយចំនួននេះ ធ្វើឡើងដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ វិស័យកាត់ដេរ និងកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការផ្ទុះឡើងនូវជំងឺ Covid-19និងការព្យួរភាពអនុគ្រោះពន្ធ លើទំនិញមួយចំនួន នៅក្រោមកម្មវិធី EBA៕