(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់សិល្បករ សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ យកស្នាដៃចម្រៀង និងការតែងនិពន្ធផ្សេងៗ មកផលិតឡើងវិញ ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬពីក្រសួងវប្បធម៌។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំញវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនកូនក្មួយសិល្បករ-សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមានមរតកសាសន៍ និងគ្មានមរតកសាសន៍មក ផលិតឡើងវិញ ដោយពុំបានសុំការអនុញ្ញាតពី ម្ចាស់សិទ្ធិឬពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ»។
សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់ រយឆ្នាំនៅតាម មូលដ្ឋាននៅទូទាំងប្រទេស។
សម្តេចក៏បានណែនាំឲ្យក្រសួងវប្បធម៌ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបី ទាំងនោះឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការ រំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញ នូវបដិមានានា របស់ជាតិ ដែលបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម ។
ជាងនេះទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងវប្បធម៌ ត្រូវរួមគ្នាបន្តការងារអភិរក្ស បេតិកភណ្ឌវប្បធម៌អរូបី ទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ ស្វែងរកមរតកមនុស្សរស់បន្ថែមទៀត ដែលជាឃ្លាំង ចំណេះដឹងក្នុងការបន្តវេន ទៅយុវជនជំនាន់ក្រោយ៕