(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្ដទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ក្នុងចំណោមមន្ដ្រីរាជការគ្រប់រូប។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្ដរជាតិនារី ៨ មីនា ក្រោមប្រធានបទ «មានសន្ដិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» រៀបចំធ្វើនៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
ថ្លែងក្នុងពិធីនោះ រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានថ្លែងថា «ខ្ញុំសូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្ដទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ក្នុងចំណោមមន្ដ្រីរាជការគ្រប់រូប ឲ្យបានទទួលនូវអត្ថប្រយោជន៍ដូចៗគ្នាទាំងបុរស និងស្រី»។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឲ្យដឹងទៀតថា មន្ដ្រីរាជការគ្រប់រូប ទទួលបានការពិនិត្យសុខភាព ការព្យាបាលជំងឺ តាមមន្ទីរពេទ្យរដ្ឋទាំងអស់ និងមន្ដ្រីឯកជន ហើយបានចុះកិច្ចសន្យា ជាមួយបេឡាជាតិរបបសន្ដិសុខសង្គម ដោយមិនបង់ប្រាក់ផងដែរ។
ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងក៏បានកែលម្អការងារ ជាបន្ដបន្ទាប់ ដើម្បីឲ្យមន្ដ្រីរាជការ អាចបំពេញការងារអស់ពីលទ្ធភាព ជាមួយគុណភាពអាស៊ាន ដែលក្នុងនោះ រួមមាន៖
* ការបង្កើតបទដ្ឋានកាន់តែល្អ សំដៅដល់ការដាក់ចេញ នូវប្រព័ន្ធគ្រប់គ្រងប្រសិទ្ធិភាពការងារ
* ការរៀបចំ នៃព័ត៌មានមុខតំណែងច្បាស់លាស់
* ការជ្រើសរើសមន្ដ្រី ដែលសមនឹងការងារអនុក្រម
* ការជ្រើសរើស ប្រកបដោយយុត្ដិធម៌ និងតម្លាភាព
* ការផ្ដល់យោបល់ការងារ និងការបណ្ដុះបណ្ដាល ប្រកបដោយប្រសិទ្ធិភាព
* ការបង្ហាត់បង្រៀនការងារ
* ការផ្ដល់ឱកាសអភិវឌ្ឍន៍អាជីព និងការតម្លើងឋានៈដល់មន្ដ្រី
* ការផ្ដល់ប្រាក់លាភ ការបន្ថែម និងការលើកទឹកចិត្ដ ដល់មន្ដ្រី ឱកាសនៃការទំនាក់ទំនងរវាងបុគ្គល និងការងារ
រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានលើកឡើងទៀតថា តាមការអភិវឌ្ឍផែនការបញ្ជ្រាបយេនឌ័រ នៅក្នុងវិស័យអប់រំ កន្លងទៅនេះ បានកាត់បន្ថយគម្លាតយេនឌ័រ នូវគ្រប់កម្រិតសិក្សា ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអប់រំ ផ្ដោតទៅលើការយកចិត្តទុកដាក់ លើសមភាពយេនឌ័រ។ បន្ថែមពីនោះទៀត ការធានាឲ្យកុមារ សិស្សានុសិស្ស គរុសិស្ស និងនិស្សិត មានលទ្ធភាពពេញលេញចូលរៀន ដោយស្មើភាពគ្នា និងលើកកម្ពស់ការចូលរួម និងភាពអង់អាចរបស់ស្ដ្រី នៅក្នុងការងារអប់រំ កាន់តែល្អប្រសើរថែមទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន។
លើសពីនោះទៀត លោករដ្ឋមន្ដ្រី កត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះ ចំនួនស្ដ្រីដែលបម្រើការងារ នៅក្នុងវិស័យអប់រំ មានចំនួន៤៦ភាគរយ។ នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថា ចំនួនគរុសិស្ស និងនិស្សិតជាស្ដ្រី មានចំនួនកើនឡើង ហើយមានចំនួនច្រើនជាងគរុសិស្ស និងគរុនិស្សិត ដែលជាបុរស។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «នាពេលអនាគត យើងនឹងឃើញថា ស្ដ្រីបម្រើការងារ នៅក្នុងវិស័យអប់រំ ជាពិសេសអ្នកគ្រូ និងមានចំនួនកាន់តែច្រើន នឹងឈានទៅលើស ចំនួនបុរសថែមទៀត នាពេលខាងមុខនេះ»។
សូមបញ្ជាក់ថា ឆ្លើយតបទៅនឹងប្រធានបទ នៃការអបអរសាទរខួបទី១០៩ ទិវាអន្ដរជាតិនារី ៨មីនា «មានសន្ដិភាព មានការលើកកម្ពស់សមធម៌យេនឌ័រ» ក្រសួងអប់រំ បានកំណត់ទិសដៅ ដូចខាងក្រោម៖
១៖ បន្ដអនុវត្ថផែនការយុទ្ធសាស្ដ្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យអប់រំ និងកៀរគរគ្រប់អ្នកពាក់ព័ន្ធ ឲ្យចូលរួមអនុវត្ដ និងសម្រេចបាន។
២៖ បន្ដលើកទឹកចិត្ដ និងផ្ដល់ឱឝាសដល់មន្ដ្រីអប់រំជាស្ដ្រី ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។
៣៖ បន្ដអនុវត្ដគោលនយោបាយ យុទ្ធសាស្ដ្រ និងកម្មវិធីដែលសំដៅលើកកម្ពស់សមភាពយេនឌ័រ។
៤៖ បន្ដកៀរគរគាំទ្រពីអ្នកពាក់ព័ន្ធ ដើម្បីអនុវត្ដគោលការណ៍ និងយុទ្ធសាស្ដ្រក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ប្រភេទ ការលុបបំបាត់អំពើហិង្សា លើស្ដ្រី និងកុមារី ការលើកកម្ពស់វប្បធម៌ សីលធម៌បរិស្ថានល្អ ការរក្សាតម្លៃស្ដ្រីនិងគ្រួសារខ្មែរ ដែលគ្មានគ្រឿងញៀន គ្មានគ្រឿងស្រវឹង នៅតាមគ្រឹះស្ថានសិក្សា គ្រប់កម្រិត៕