(កំពង់ស្ពឺ)៖ ប្រជានុរាស្ត្រ ២គ្រួសារ រស់នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ រំភេីបរីករាយឥតឧបមារ ពេលដែលខ្ទមចាស់របស់គាត់ បានប្រែក្លាយជាផ្ទះថ្មថ្មី ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីសម្ពោធប្រគល់ផ្ទះនេះ បានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១០កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងលោកយាយលោកតាចំនួន ៥០នាក់។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង២ខ្នង និងលោកយាយលោកតាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញេីឱ្យយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ និងថែទាំផ្ទះថ្មីនេះឱ្យបានល្អ ជាទ្រព្យសម្បត្តិតរៀងទៅ។
ជាមួយគ្នានេះ លោកតាលោកយាយដែលអញ្ជើញក្នុងឱកាសនោះ បានចូលរួមសម្តែងនូវអំណរសាទរជាមួយម្ចាស់ផ្ទះថ្មីទាំង២ ដែលសុទ្ធតែជាអ្នកលំបាកបំផុតជាងគេ ព្រមទាំងបានបួងសួងថ្វាយព្រះពរចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងបួងសួងជូនពរដល់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី, សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដល់ប្រជានុរាស្ត្រគ្រប់រូប។
សូមបញ្ជាក់ថា ផ្ទះទាំងពីរខ្នងនេះប្រេីពេលសាងសង់ ១ខែ ដែលផ្ទះនីមួយៗចំណាយថវិកា៥,៥០០ដុល្លារ មានទំហំ៦ម៉ែត្រ x ៧ម៉ែត្រ ក្រាលការ៉ូ ប្រក់ដំបូលស័ង្កសី មានបន្ទប់ទឹកមួយ ក្នុងផ្ទះ និងរៀបឥដ្ឋចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ ត្រូវបានប្រគល់ជូនគ្រួសារទី១ ម្ចាស់ផ្ទះគឺ លោកយាយ គឹម ពាន អាយុ ៧៣ឆ្នាំ រស់នៅជាមួយចៅប្រុសអាយុ១១ឆ្នាំ នៅភូមិគោល ឃុំមនោរម្យ និងគ្រួសារទី២ គឺ អ្នកស្រី ម៉េន រ៉ន អាយុ៥៤ឆ្នាំ ស្ត្រីមេម៉ាយចិញ្ចឹមកូនប្រុសម្នាក់មានសតិមិនគ្រប់គ្រាន់ រស់នៅភូមិព្រៃមិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន៖ អង្ករ១២០គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង សម្ភារផ្ទះបាយ១ឈុត ទឹកស៊ីអ៊ីវ១២ដប ទឹកត្រី១២ដប សាប៊ូទឹក៣កេស ឃីត (មុង ភួយ សារុង ក្រមា អាយឺត) ១ឃីត និងថវិកា៥០ម៉ឺនរៀល។
ដោយឡែក លោកយាយលោកតាចាស់ៗ ដែលរស់នៅជិតខាងចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន សំលៀកបំពាក់ថ្មី (អាវប៉ាក់, សំពង់សឹង, អាវ, ខោ) ១កំប្លេរ ៕