(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ នេះបើតាមការប្រកាសរបស់ក្រសួងមហាផ្ទៃ។

ក្នុងដំណើរទស្សនកិច្ចការងារនេះ សម្ដេចក្រឡាហោមស ខេង នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល នៃការអនុវត្តកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃ របស់កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះ គឺជាការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ ក្នុងគោលដៅបន្តលើកកម្ពស់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្ដេចក្រឡាហោមស ខេង ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក ថងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖