(ភ្នំពេញ)៖ ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យម ដើរតួរយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ធនាគារព្រីនស៍ បានឈានជលងចាប់ដៃជាមួយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មលើផ្នែកហិរញ្ញវត្ថុ ដោយធ្វើការបង្កើនការយល់ដឹងបន្ថែមលើ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រើប្រាស់ធនធានហិរញ្ញវត្ថុ ឲ្យមានប្រសិទ្ធភាព ជាពិសេសនោះក៏ធ្វើការសហការ ដើម្បីទាញយកប្រភពហិរញ្ញវត្ថុពីខាងក្រៅ សម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផងដែរ។

ជាក់ស្តែងនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ មានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារព្រីនស៍ ម.ក (MOU Singing Ceremony Between FASMEC and Prince Bank)។

ពិធីនេះប្រារព្ធធ្វើនៅស្នាក់ការ ផ្ទះលេខ T168 ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងលោក ហ៊ន់ សុរចនា នាយកប្រតិបត្តិ ធនាគារព្រីនស៍។ ក្នុងនោះ ក៏មានការចូលរួមពីលោក ឧកញ៉ា ហាន់ ឃាង តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ហ៊ត ផេង តំណាងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ព្រមទាំងមន្ត្រីពាក់ព័ន្ឋ និងឧកញ៉ា បុគ្គលិកជាច្រើនផងដែរ។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងថា «ក្នុងនាមខ្ញុំជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាសហប្រធានក្រុមការងារ ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវា ខ្ញុំសូមធ្វើការកោតសសើរដោយស្មោះចំពោះព្រីនស៍ ដែលបានធ្វើកិច្ចសហការហើយនេះជាសេចក្តីផ្តួចផ្តើមដ៏ល្អមួយ ដែលក្រុមហ៊ុន ធនាគារព្រីនស៍ចូលរួមជួយក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មដោយចាប់ដៃជាមួយ FASMEC។ កន្លងមកយើងឃើញថា ធនាគារព្រីនស៍បានធ្វើកសរយ៉ាងសកម្ម ក្នុងការផ្តល់កម្ចីទៅដល់វិស័យឯកជន»។

ជាមួយគ្នានោះ លោកឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ដែលកពុងប្រតិបត្តិការអាជីវកម្ម ចំនួន ៥៣ម៉ឺនសហគ្រាស។ លោកឧកញ៉ាបន្តថា សេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ បានពឹងផ្អែកយ៉ាងខ្លាំងលើពួកគេ។ ប៉ុន្តែសហគ្រាសធុនតូច និងមធ្យម កំពុងជួបប្រទះបញ្ហាលំបាកជាច្រើន ដូចជាបញ្ហាបច្ចេកទេស បញ្ហាហិរញ្ញវត្ថុ បញ្ហាទីផ្សារ ក៏ដូចជាបញ្ហាសហគ្តិនភាព ដែលជាចំណុះខ្សោយរបស់ពួកគេ។

រយៈពេលកន្លង មកនេះសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតកម្មវិធីជាច្រើនជាមួយដៃគូសហការ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញវិស័យ និងមធ្យម ក៏ប៉ុន្តែនៅតែមានចំណុចជាច្រើនទៀត យើងត្រូវការដៃគូសហការ ក៏ដូចជា រកដំណោះស្រាយបន្ថែមទៀត និងមធ្យម។

ចំណុចដែលសហគ្រាសធុនតូច និងមធ្យមចង់បាន និងត្រូវការបំផុតនោះ គឺការគាំទ្រហិរញ្ញវត្ថុ ចង្វាក់ផលិតកម្មរបស់ពួកគេ ប៉ុន្តែពួកគាត់ក៏ត្រូវការចំណេះដឹងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីអោយប្រភពហិរញ្ញវត្ថុដែលត្រូវទទួលបាននោះ នឹងត្រូវប្រើប្រាស់ទទួលបានប្រសិទ្ឋភាព ។

លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចុះហត្ថលេខា រវាង FASMEC ជាមួយធនាគារព្រីនស៍ នឹងមានកម្លាំងថ្មីថែមទៀត ដើម្បីធ្វើការងារក្នុងវិស័យឯកជន កសាងសមិទ្ខផលជូនជាតិ ជាពិសេសជួយជំរុញ នឹងគាំទ្រលើសកម្មភាពជាច្រើនលើផ្នែកហិរញ្ញវត្ថុ គាំទ្រដល់ការអភិវឌ្ឍន៍វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម អោយមានការប្រកួតប្រជែងជាសាកល៕