(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា នៅឆ្នាំ២០២០នេះរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងស្ថាប័នទាំងអស់ចំនួន៥០ភាគរយ លើកលែងតែក្រសួងស្ថាប័ន៣ប៉ុណ្ណោះ ដែលកាត់បន្ថយត្រឹម២៥ភាគរយ។

ការសម្រេចកាត់បន្ថយ ការចំណាយតាមក្រសួងស្ថាប័ន រហូតដល់ពាក់កណ្តាលនៃការចំណាយប្រចាំឆ្នាំនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយសារ Covid-19។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកាត់បន្ថយការចំណាយនៅតាមក្រសួងស្ថាប័នរដ្ឋនេះ ធ្វើឱ្យរដ្ឋអាចប្រមូលលុយបានប្រមាណ៤០០លានដុល្លារត្រឡប់មកវិញ។

ការប្រកាសអំពីការសម្រេចចិត្តដ៏ម៉ឺងមាត់ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅរសៀលទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ព្រឹកមិញនេះ ខ្ញុំបានសម្រេចផ្តល់នូវការគាំទ្រទៅលើការវិភាគនោះ [ការវិភាគរបស់គណៈកម្មការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ] ដែលខ្ញុំសូមយកឱកាសនេះ ជម្រាបជូនគ្រប់ស្ថាប័នទាំងអស់ឲ្យបានជ្រាបថា ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការចំណាយរហូតទៅដល់៥០ភាគរយ នៃការចំណាយសរុបលើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រីទេ ដែលនឹងត្រូវកាត់បន្ថយការចំណាយចំនួន២៥ភាគរយ នេះជាការជម្រាបឲ្យបានជ្រាបដើម្បីឲ្យឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានជ្រាបថា សូមកុំបង្កើនការចំណាយអ្វីទាំងអស់ មិនត្រឹមតែមិនឲ្យបង្កើនការចំណាយទេ យើងត្រូវកាត់បន្ថយការចំណាយតែម្តង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការចំណាយសម្រាប់ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ មិនត្រូវបានកាត់បន្ថយនោះទេ ដែលទាក់ទងនឹងការចំណាយចរន្តក្នុង១ខែ កម្ពុជាត្រូវចំណាយជាង៤០០លានដុល្លារ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការចំណាយដែលមិនចាំបាច់មួយចំនួន ត្រូវបានកាត់បន្ថយដើម្បីជាការសន្សំសំចៃ ជួយដល់សេដ្ឋកិច្ចជាតិ ដែលត្រៀមនូវថវិកា ដើម្បីជួយដល់វិស័យសុខាភិបាល និងវិស័យមួយចំនួនទៀត ដែលជួបបញ្ហាបន្ទាន់។ ជាមួយគ្នានេះសម្តេចតេជោ នឹងរង់ចាំសង្កេតមើលរដ្ឋមន្ត្រីណាខ្លះ ដែលអនុវត្តន៍នូវវិធីសន្សំសំចៃនេះ កុំចាំតែឲ្យនាយករដ្ឋមន្ត្រីសម្រេច។

ដោយឡែកចំពោះគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាល ដែលមិនទាន់បើកការដ្ឋាន សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យផ្អាកការបើកការដ្ឋានសិន រង់ចាំជំងឺ Covid-19 ត្រូវបានបញ្ចប់សិន លើកលែងតែការដ្ឋាន ដែលជាហិរញ្ញប្បទានដោយបរទេស ដែលមានថវិកាបដិភាគរបស់កម្ពុជា ដែលត្រូវឲ្យមានការបើកការដ្ឋាន។

សូមជម្រាបថា ច្បាប់ថវិកាជាតិឆ្នាំ២០២០ ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងប្រមាណ៨,២២៣លានដុល្លារ ក្នុងនោះចំណាយចរន្តថវិការដ្ឋប្រមាណ ៤,៨៨៨លានដុល្លារ និង២៖ ចំណាយមូលធនថវិការដ្ឋ ប្រមាណ៣,៣៣៥លានដុល្លារ៕