(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើវិធីសាស្រ្តសំពះជម្រាបសួរគ្នា ដែលជាវប្បធម៌ខ្មែរ ដើម្បីជំនួសការចាប់ដៃស្វាគមន៍គ្នា រហូតដល់ផុតវិបត្តិ Covid-19។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាល នាល្ងាច ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងប្រើវិធីសាស្រ្តហ្នឹង (សំពះ) ជាទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ខ្មែរអត់ចាប់ដៃទេ ប៉ុន្តែប្រហែលជាចាប់ពីទសវត្ស៧០មក ក្រោយរដ្ឋប្រហារ ៥០ឆ្នាំក្រោយនេះទើបខ្មែរចេះចាប់ដៃ»

វិបត្តិកូរ៉ូណាថ្មី កំពុងបង្កបញ្ហាដល់ពិភពលោក បន្ទាប់ពីជំងឺនេះរីករាលដាលកាន់តែខ្លាំងឡើងពី១ថ្ងៃទៅ១ថ្ងៃ ទោះបីជាពេលនេះមានអ្នកជំងឺខ្លះបានព្យាបាលជាសះស្បើយក៏ដោយ។ រហូតមកដល់ពេលនេះ អត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅលើពិភពលោកកើនដល់ជាង៣ពាន់នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងជំងឺនេះជាង៩ម៉ឺននាក់ ដែលប្រទេសចិនច្រើនជាងគេ។

ជំងឺនេះចាប់ផ្តើមរីករាលដាល និងបង្កឱ្យមានមនុស្សស្លាប់បន្តបន្ទាប់នៅក្រៅប្រទេសចិន ក្នុងនោះប្រទេសធ្ងន់ធ្ងរមួយចំនួនទៀតមានដូចជាកូរ៉េខាងត្បូង អ៉ីរ៉ង់ អ៉ីតាលី ជប៉ុន អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអាមេរិកជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ ចាប់តាំងពីផ្ទុះឡើងតាំងពីដើមខែមករា ឆ្នាំ២០២០ មានអ្នកជំងឺប្រមាណជាង៥ម៉ឺននាក់ហើយ នៅលើពិភពលោកត្រូវបានព្យាបាលជាសះស្បើយ។

ពិភពលោក ក៏ដូចជាកម្ពុជា កំពុងដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ទៅតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក។ ជាមួយគ្នានេះ ពួកគេបានកាត់បន្ថយការប៉ះពាល់គ្នា ដោយស្វាគមន៍គ្នាតាមវិធីផ្សេងៗជាដើម។

សម្រាប់សម្រេចតេជោ ហ៊ុន សែន, វប្បធម៌ស្វាគមន៍គ្នារបស់ខ្មែរ គឺជាការសំពះជម្រាបសួរ។ សម្តេចបានបន្តថា បច្ចុបន្ននេះ ពោលគឺ៥០ឆ្នាំចុងក្រោយនេះ សកលភាវូបនីយកម្ម បានធ្វើឱ្យខ្មែរប្រើវិធីសាស្រ្តចាប់ដៃស្វាគមន៍គ្នា ដោយមិនខ្វល់អំពីវ័យនោះឡើយ ប៉ុន្តែសម្រាប់កម្ពុជាពីមុន បើសិនជាក្មេងហ៊ានចាប់ដៃចាស់ ច្បាស់ជាត្រូវចាត់ទុកថាព្រហើនជាដើម។

សម្តេចបានបញ្ជាក់ថា៖ «ផ្អាកចាប់ដៃគ្នារហូតដល់ផុតអាកូវីតសិន ហើយប្រើវិធីសំពះលើកដៃ វាឆាប់ជាងទៀត»

ទោះបីជាបានជំរុញឱ្យមានការសំពះជម្រាបសួរ កាត់បន្ថយការប៉ះពាល់គ្នាក៏ដោយ ប៉ុន្តែសម្រាប់សម្តេចតេជោ ដែលជាមេដឹកនាំប្រទេស និងមានប្រជាប្រិយខ្ពស់ច្រើនអាណត្តិមកនេះ ចៀសមិនផុតពីការអោបចាប់ដៃរបស់ប្រជាពលរដ្ឋនោះទេ ដោយសារសម្តេចមានកម្មវិធីជួបពួកគាត់ជាបន្តបន្ទាប់ទៀត។ សម្តេច បានបង្គាប់ទៅកងអង្គរក្សមិនឱ្យចាប់ប្រជាពលរដ្ឋណាចេញឡើយ បើសិនជាពួកគេមកចាប់ដៃសម្តេច នៅថ្ងៃទី០៩ ខែមីនា ខាងមុខនេះ នៅពេលទៅសម្ពោធផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ នៅស្រុកវែលវែង ខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ក៏បន្តអំពាវនាវដល់ជនរួមជាតិនៅទូទាំងប្រទេសត្រូវចេះការញរខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច ទោះបីកម្ពុជាមិនទាន់មាន Covid-19 ផងដែរ៕