(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងរយៈពេលដែលលោក កាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ចាម បានសង្កេតឃើញថា បេក្ខនារីបានដាក់ពាក្យប្រលងចូលជាមន្ត្រីនគរបាលជាតិ យ៉ាងច្រើនគួរ ឱ្យកត់សម្គាល់ រហូតមកដល់បច្ចុប្បន្ននេះ បេក្ខនារីដែលប្រឡងជាប់ជាមន្ត្រីនគរបាលជាតិ មានចំនួនរហូតដល់ទៅ ៤៥ភាគរយ ជិតស្មើនឹងបេក្ខជនជាបុរស។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ក្នុងពេលប្រារព្ធពិធី ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «មានសុខសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបន្តថា វាជាមោទនភាពមួយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដែលមានបេក្ខនារីចូលរួម ប្រលងជាប់បានច្រើនជាមន្ត្រីនគរបាលជាតិ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩ កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ទទួលបានមន្ត្រី ក្របខ័ណ្ឌថ្មីចំនួន ១០០នាក់ ក្នុងនោះស្ត្រី ៣៥នាក់។ សម្រាប់ការតែងតាំងមុខតំណែងនិងដំឡើងឋានន្តរសក្កិ អង្គភាពនគរបាល បានចាត់តាំងមានមុខតំណែង ៤៦នាក់ និងការដំឡើងឋានន្តរស័ក្កិរហូតដល់ ១៣៩នាក់។ ស្របជាមួយគ្នានេះ អង្គភាពស្នងការនគរបាល ខេត្តកំពង់ចាម កំពុងជំរុញឱ្យមានសមាសភាពនារី មានឋានៈជាថ្នាក់ដឹកនាំតាមការិយាល័យជំនាញ និងតាមបណ្ដាអធិការរដ្ឋាននគរបាលស្រុក-ក្រុង ជាអធិការរង ឬជាមេប៉ុស្តិ៍រដ្ឋបាល នាពេលខាងមុខ។

ក្នុងការសំណេះសំណាលជាមួយមន្ត្រីនគរបាល ក្នុងឱកាសទិវាសិទ្ធិនារី ៨មិនានោះ អភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី បានថ្លែងរំលឹកដល់សមត្ថកិច្ច សូមឱ្យខិតខំបន្ថែមទៀតទាក់ទងទៅនឹងការងារបំបាត់អំពើហិង្សា ដែលមាន៤ប្រភេទទី១៖ អំពើហិង្សាផ្លូវកាយ, ទី២៖ អំពើហិង្សាផ្លូវចិត្ត, ទី៣៖ អំពើហិង្សាផ្លូវភេទ និង៤៖ អំពើហិង្សាទាក់ទងទៅនឹងសេដ្ឋកិច្ច។

ទាក់ទិនទៅនឹងអំពើហិង្សាខាងលើនោះ លោកស្រី អភិបាលរងខេត្តបានលើកឡើងថា ក្នុងឆ្នាំ២០២០ ថ្មីៗនេះ មានករណីរំលោភសេពសន្ធវៈ ទៅលើក្មេងស្រីអនីតិជនកើតឡើងនៅស្រុកបាធាយ ដែលធ្វើឱ្យក្មេងស្រីអាយុ ១០ឆ្នាំនោះ កើតនូវជំងឺភ័យខ្លាច បាក់ស្បាតដោយសារតែការ រំលោភលើរាងកាយរបស់នាង។ ដោយឡែកមួយករណីទៀត គឺបុរសវ័យអាយុ ៦៨ឆ្នាំ បានចាប់ក្មេងស្រីសិស្សសាលា នៅក្នុងបន្ទប់ទឹក បម្រុងរំលោភសេពសន្ធវៈ ក៏ប៉ុន្តែមិនបានសម្រេចដោយសារក្មេងស្រីរើបម្រះរួច។

លោកស្រីអភិបាលរងខេត្ត បានបញ្ជាក់ថា ការលើកឡើងនូវអំពើហិង្សានេះលោកស្រី មានចេតនាអំពាវនាវ មន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងមូលដ្ឋានសូមជួយមានវិធានការ ដើម្បីទប់ស្កាត់នៅរាល់អំពើហិង្សា ជាពិសេសអំពើហិង្សាទៅលើផ្លូវភេទក្នុងខេត្តកំពង់ចាម ហើយករណី នេះក៏ជាប្រធានបទមួយដែល ក្រសួងកិច្ចការនារី បានលើក ឡើងនៅក្នុងឆ្នាំ២០២០ នេះដែរ៕