(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមីនា ស្អែកនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញប្រារព្ធទិវា ASEM DAY ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសយុវជនកម្ពុជា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ដែលកម្ពុជានឹងប្រារព្ធក្នុងនាមជាម្ចាស់ និងកលានុវត្តភាពកើតចេញពីព្រឹត្តិការណ៍ទាំងនេះ សម្រាប់យុវជនកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងព័ត៌មាន។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ ASEM 13 ឆ្នាំ២០២០ មានដូចជាទី១៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប, ទី២៖ កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប, ទី៣៖ វេទិកាប្រជាជនអាស៊ី-អឺរ៉ុប, ទី៤៖ បុណ្យវប្បធម៌អាស៊ី-អឺរ៉ុប, ទី៥៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប, ទី៦៖ វេទិកាការងារអាស៊ី-អឺរ៉ុប និងទី៧៖ កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប។

ទិវា ASEM DAY នឹងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងតំណាងស្ថានទូតប្រទេសជាមិត្តកម្ពុជា ជាពិសេសបានបើកទូលាយឱ្យនិស្សិត និងសាធារណជនបានចូលទស្សនា ដើម្បីស្វែងយល់អំពីព្រឹត្តិការណ៍នេះ ជាដើម៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន៖