(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយរដ្ឋមន្រ្តី វង សូត ជាមួយ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ដោយផ្តោតលើការងារ វិស័យសង្គមកិច្ចនៅកម្ពុជា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច ក្រសួងសង្គមកិច្ច ប្រាប់ទូតអាល្លឺម៉ង់ថា ក្រសួងនឹងកំណត់អត្តសញ្ញាណជនក្រីក្រ ឲ្យបានសុក្រឹតបំផុត ដើម្បីទទួលបានរបបសន្តិសុខសង្គម ឲ្យចំគោលដៅ។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងលោក គ្រីស្ទៀន ប៊័រហ្គ័រ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានលើកយកនូវចំណុចមួយចំនួន មកពិភាក្សាដោយក្នុងនោះរាប់បញ្ចូលទាំង ការផ្តល់អត្ថប្រយោជន៍ផ្នែកសន្តិសុខសង្គម រួមទាំងការកំណត់សញ្ញាណជនក្រីក្រ និងការផ្ដល់អត្ថប្រយោជន៍ពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋផងដែរ។

រដ្ឋមន្រ្តី វង សូត បានបញ្ជាក់ប្រាប់ខាងស្ថានទូតអាល្លឺម៉ង់ថា សព្វថ្ងៃក្រសួងកំពុងបំពេញកិច្ចការជាច្រើន ក្នុងវិស័យសង្គមកិច្ច ទាំងការផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្រ្តីរាជការដែលចូលនិវត្តន៍ និងអតីតយុទ្ធជន ហើយក្រសួងក៏កំពុងធ្វើការ លើការផ្ដល់ការឧបត្ងម្ភ សម្រាប់ជនក្រីក្រ ជាពិសេសជនក្រីក្រដែលមានកូនតូចអាយុក្រោម២ឆ្នាំ អាចទទួលបានការឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប លោក គ្រីស្ទៀន ប៊័រហ្គ័រ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងអរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានសហការជាមួយប្រទេសអាល្លឺម៉ង់ ក្នុងការអភិវឌ្ឍន៍វិស័យសង្គមកិច្ចនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។

លោក គ្រីស្ទៀន ប៊័រហ្គ័រ បានអះអាងថា ប្រទេសអាល្លឺម៉ង់នៅតែបន្តការជួយ និងសហការជាមួយកម្ពុជា រហូតដល់អាចជួយឲ្យវិស័យមួយនេះ មានការរីកចម្រើនទៅមុខនាពេលឆាប់ៗនេះ។

បន្ថែមពីលើនេះ លោក វង សូត បានបន្តថា ការបំពេញកិច្ចការនេះ ក៏នៅមានបញ្ហាមួយចំនួនត្រូវដោះស្រាយផងដែរ ដោយរាប់បញ្ចូលទាំងជនក្រីក្រ ដែលទទួលបានបណ្ណរួចហើយ តែមានការលំបាកមួយចំនួនដោយសារពួកគាត់រស់នៅក្នុងតំបន់ដាច់ស្រយាល និងបញ្ហា កំណត់អត្តសញ្ញាណជនក្រីក្របន្ថែម ដើម្បីជួយឱ្យពួកគាត់អាចទទួលបានអត្ថប្រយោជ ន៍ពីរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់ថា ការកំណត់អត្តសញ្ញាណជនក្រីក្រគឺជាការងាររបស់ ក្រសួងផែនការ និងទាមទារឱ្យមានការចូលរួមយ៉ាងជិតស្និទ្ធពីសំណាក់មន្រ្តីមូលដ្ឋានថ្នាក់ ភូមិ ឃុំ ព្រោះពួកគាត់ជាអ្នកនៅជាប់ជាមួយប្រជាពលរដ្ឋ អាចយល់ដឹងច្បាស់ពីប្រជាពលរដ្ឋ ហើយក៏អនុញ្ញាតឱ្យជនដែលមានជីវភាពក្រីក្រពិតប្រាកដអាចដាក់ពាក្យស្នើសុំផងដែរ។

លោក វង សូត បានបញ្ជាក់ដែរថា ការងារទាំងនេះពុំមែនជារឿងងាយស្រួល ត្រូវដោះស្រាយនោះទេ តែក្រសួងនឹងព្យាយាមបំពេញកិច្ចការនេះ ដើម្បីផ្ដល់នូវអត្ថប្រយោជន៍របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាជនគោលដៅទាំងអស់ ឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរ៕